ក្រុមហ៊ុន Dongfeng-Honda នៅក្នុងប្រទេសចិន បានបង្ហាញចេញនូវរូបរាងរថយន្តប្រភេទ Minivan ថ្មីរបស់ខ្លួន សម្រាប់ទីផ្សារប្រទេសចិនជាផ្លូវការ ដោយហៅឈ្មោះវាថា Honda Elysion។
រថយន្ត Honda Elysion តាមពិតទៅ គឺត្រូវបានផលិតដោយផ្អែកតាមរថយន្ត Honda Odyssey ដែលមានលក់នៅលើទីផ្សារផ្សេងទៀតប៉ុណ្ណោះ។ មិនខុសពីម៉ូដែលមុនៗ រថយន្ត Honda Elysion នឹងត្រូវផលិតនៅក្នុងប្រទេសចិន ដោយក្រុមហ៊ុន Dongfeng ហើយនឹងចេញលក់ជាផ្លូវការ នៅក្នុងខែធ្នូ ឆ្នាំ២០២១ នេះតែម្តង។
គួរឲ្យដឹងថា ឈ្មោះ Elysion ត្រូវបានបង្ហាញខ្លួនលើកដំបូង ក្នុងប្រទេសចិន ជារថយន្តប្រភេទ Minivan ដែលស្រដៀងទៅនឹងម៉ូដែល Odyssey ដែល ប៉ុន្តែមានលក់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ តាំងពីឆ្នាំ២០១២ មក។
យ៉ាងណាមិញ ជាមួយនឹងការបំពាក់ឡូហ្គូ e:HEV នៅទ្វារខាងក្រោយ មានន័យថា រថយន្ត Elysion នឹងប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid របស់ Honda។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីសមត្ថភាពរបស់វាឡើយ ដូច្នេះមានតែរង់ចាំមើល នៅថ្ងៃប្រកាសចេញប៉ុណ្ណោះ៕