
ទោះបីជារថយន្ដអគ្គិសនីដំបូងរបស់ខ្លួនមិនទាន់បានចេញលក់ពិតមែន ប៉ុន្តែក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Honda និង Sony បានប្រកាសពីការខាតបង់ទឹកប្រាក់ចំនួន ៥២ពាន់លានយ៉េន ស្មើប្រមាណ ៣៦២លានដុល្លារ សម្រាប់គម្រោងរថយន្តអគ្គិសនីម៉ាក Afeela របស់ពួកគេ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានចេញផ្សាយថ្មីៗនេះ ការខាតបង់បានកើនឡើងជាងទ្វេដង បើធៀបនឹងឱនភាពកាលពីឆ្នាំមុនមានចំនួនត្រឹមតែ ២០.៥ពាន់លានយ៉េន ស្មើប្រមាណ ១៤៣លានដុល្លារ។ ការខាតបង់ឈានដល់ ៣៦២លានដុល្លារ បានបញ្ជាក់យ៉ាងច្បាស់អំពីចំណាយដ៏ច្រើនលើការផលិតរថយន្ដអគ្គិសនីថ្មីរបស់ពួកគេ ដើម្បីដើរឲ្យតាមទាន់ទីផ្សាររថយន្តអគ្គិសដ៏ប្រណិត។
រថយន្តថ្មីរបស់ពួកគេមានឈ្មោះថា Afeela គ្រោងនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ហើយដាក់លក់ជាមួយតម្លៃចាប់ពី ៨៩ ៩០០ដុល្លារ។ អ្នកវិភាគបានលើកឡើងថា សម្រាប់ការប្រកាសចេញរបស់ផលិតឡើងថ្មីទាំងស្រុងគឺសុទ្ធតែកើតមានការខាតបង់នៅដំណាក់កាលដំបូងៗ ជាការពិតជាក់ស្តែង។ ទោះបីជារថយន្តអគ្គិសនីប្រណិតមួយនេះ មានភាពទាក់ទាញខ្លាំង សម្រាប់អតិថិជនលំដាប់ខ្ពស់ក៏ដោយ ជាទូទៅវាត្រូវការចំណាយច្រើនក្នុងការអភិវឌ្ឍន៍៖ គិតទាំងថ្លៃចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏ទូលំទូលាយ (R&D) ការរួមបញ្ចូលកម្មវិធីស្មុគស្មាញ និងក្នុងការផលិតរថយន្ដគម្រូដើម។
ផ្អែកលើការអ្នកវិភាគរបស់លោក Tatsuo Yoshida បានចង្អុលបង្ហាញថា ទោះបីជារថយន្ដអគ្គិសនី Afeela ដាក់លក់ក្នុងខ្ពស់ពិតមែន តែបើទូទាត់ការចំណាយទាំងអស់ រថយន្ដនេះអាចនឹងជួបបញ្ហាប្រឈម។ បន្ថែមពីនេះលើភាពស្មុគស្មាញធំបំផុត រថយន្ត Afeela នឹងត្រូវដាក់លក់ចូលទៅក្នុងទីផ្សាររួមមួួយ ដែលមានក្រុមហ៊ុន Tesla, Mercedes-Benz, BMW និងក្រុមហ៊ុនផ្សេងទៀតកំពុងគ្របដណ្តប់រួចទៅហើយ (ហើយនោះមិនទាន់និយាយដល់ក្រុមហ៊ុនចិនផង) ជាហេតុធ្វើឲ្យបេសកកម្មផលិតរថយន្ដរួមគ្នារបស់ Sony និង Honda ក្នុងការបង្កើតទីផ្សារពិសេសផ្ទាល់ខ្លួនកាន់តែពិបាក។ ប៉ុន្តែក្រុមហ៊ុនទាំងពីរនៅតែមានទំនុកចិត្ត ដោយពឹងផ្អែកលើការរួមបញ្ចូលគ្នានៃជំនាញវិស្វកម្មរបស់ Honda និងភាពខ្លាំងរបស់ Sony ក្នុងបច្ចេកវិទ្យាកម្មវិធី និងការកម្សាន្ត ដើម្បីទាក់ទាញអ្នកទិញ៕