[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃរថយន្ត Honda Accord ជំនាន់ទី ១១ ថ្មី ដែលបានអភិវឌ្ឍនៅម៉ាស៊ីនកូនកាត់ Hybrid មុនបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ក្នុងនោះ ក្រុមហ៊ុន Honda បានហៅរថយន្តប្រភេទ Sedan ថ្មីនេះថា “ស្ព័រ ទំនើប ឆ្លាតវៃ និងផាសុកភាព” ហើយអួតថាវានឹងមានរចនាប័ទ្ម “Sleek Styling” ដែលទាំងអស់នេះមើលទៅជួយឲ្យរថយន្តនេះកាន់តែទំនើប។
តាមរូបភាព teaser បានបង្ហាញពីការរចនាផ្នែកខាងក្រៅរបស់រថយន្តជំនាន់ថ្មីនេះ បានបំពាក់ដោយប៉ាណាមុខឲ្យឈ្មោះថា Trapezoidal ក្រោមភាសាការរចនាថ្មី ចង្កៀងមុខរចនាថ្មី “Sleek Styling” និងចង្កៀងខាងក្រោយប្រភេទ LED រាងស្លីម អូសកាត់វែងមានឡូហ្គោ Honda នៅចំកណ្តាល និងឡូហ្គោ Hybrid ក៏ដូចជាឡូហ្គោ TOURING ផងដែរ។
រីឯនៅផ្នែកខាងក្នុងកាប៊ីន បំពាក់ដោយកុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញនៅចំកណ្តាល និងអាចភ្ជាប់ជាមួយប្រព័ន្ធ Google ជាលើកដំបូង។ ការរចនាខាងក្នុងស្រដៀងទៅនឹង HONDA CIVIC ស៊េរីថ្មី ដោយមានរន្ធម៉ាស៊ីនត្រជាក់លាក់, រន្ធសាក USB ចំនួន ២ និងកន្លេងសាកថ្មឥតខ្សែជាដើម។
ចំពោះផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Honda បានបង្ហាញតិចតួច ប៉ុន្តែនិយាយថា Accord ជំនាន់ទី ១១ នឹងបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid “fun-to-drive” ហើយត្រូវបានចូលរួមជាមួយ CR-V និង Civic Hybrid ថ្មីនាពេលខាងមុខ។