[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានសហការជាមួយក្រុមរចនារបស់ជប៉ុន បានដាក់បញ្ចេញរូបភាព Teaser ថ្មីសម្រាប់រថយន្ត Honda Prologue ដែលភ្ជាប់មកជាមួយការរចនាប៉ាណាមុខដែលព័ទ្ធជុំវិញដោយចង្កៀងមុខរាងស្លីម ដោយបានរចនាឡើងនៅ Honda Design Studio នៅទីក្រុង Los Angeles។
ក្នុងនោះ ចំពោះការរចនាប៉ាណាខាងមុខធំត្រូវបានផ្អៀងយ៉ាងខ្លាំង ដំបូលរាងណោត កញ្ចក់ចំហៀងធំទូលាយ ការរចនាផ្តោតលើលក្ខណៈ aerodynamics ថាសកង់ស្ព័រធំពណ៌ខ្មៅ ។ ដោយឡែករូបភាពផ្នែកខាងក្រោយក្រុមហ៊ុនមិនបានបញ្ចេញទេ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Hondaបានបញ្ជាក់ថារថយន្តអគ្គិសនី Honda Prologue ប្រភេទ crossover នេះនឹងលក់នៅអាមេរិកខាងជើងក្នុងឆ្នាំ ២០២៥ នឹងត្រៀមវាយលុកទីផ្សារអគ្គិសនីសុទ្ធផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Honda នៅអាមេរិកខាងជើង ក៏មានបំណងលក់រថយន្តអគ្គិសនីសុទ្ធ ១០០% នៅត្រឹមឆ្នាំ ២០៤០។
បន្ថែមពីលើ Honda Prologue ក្រុមហ៊ុននឹងបង្ហាញរថយន្ត Acura SUV អគ្គិសនីនៅឆ្នាំ ២០២៤។ ម៉ូដែលទាំងពីរនឹងប្រើប្រាស់គ្រោងឆ្អឹង Ultium platform ដើម្បីគាំទ្ររថយន្តជាច្រើនប្រភេទ។ ចាប់ពីរថយន្តតូចរហូតដល់រថយន្តភីកអាប់ធំ ប្រភេទ Crossovers និងរថយន្ត SUV ក៏ដូចជារថយន្តអគ្គិសនីដែលមានកម្លាំងដល់ ១ ០០០ សេះ ជាមួយអាគុយ Ultium មានទំហំចាប់ពី ៥០ ទៅ ២០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៦៤៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន General Motors ។
ជាមួយគ្នានេះ លោក Dave Gardner អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន American Honda បាននិយាយថា “Honda Prologue នឹងប្តូរទៅជាអគ្គិសនីសុទ្ធ ជាការបង្ហាញពីតួនាទីដែលគ្មានការបំភាយឧស្ម័ននាពេលអនាគតរបស់យើង»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda បានផលិតរថយន្តនៅសហរដ្ឋអាមេរិកអស់រយៈពេល ៣៨ ឆ្នាំមកហើយ ហើយបច្ចុប្បន្នមានរោងចក្រផលិតរថយន្តធំៗចំនួន ១៨ នៅអាមេរិកខាងជើង។ នៅឆ្នាំ ២០២០ ជាង ៩៥% នៃរថយន្ត Honda ទាំងអស់ដែលបានលក់នៅក្នុងសហរដ្ឋអាមេរិកជារថយន្តដែលបានផលិតនៅអាមេរិកខាងជើង៕