[ទីផ្សាបរទេស] ក្រុមហ៊ុន Honda បានបញ្ចេញនូវម៉ូឌែល CB400X ស៊េរីឆ្នាំ ២០២២ ប្រភេទចង្កះលេខខ្នាតធំ ជាមួយនឹងរូបរាងកាច ងាយស្រួលជិះធ្វើដំណើរបែបផ្សងព្រេង និង Off-Roads នៅលើទីផ្សារជប៉ុន។
សម្រាប់ម៉ូតូចង្កះលេខ Honda CB400X មានទំហំសរុបប្រវែង ២ ០៩៥, ទទឹង ៨៣០, កម្ពស់ ១ ២៩០, កម្ពស់ពីដីដល់កែប ៨១៩ និងប្រវែងគម្លាតកង់មុខក្រោយ ១ ២១0 មម។ ខណៈដែលទម្ងន់ ១៩៥ គីទ្បូក្រាម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ១៧,៣ លីត្រ។
ហើយរូបរាងម៉ូតូចង្កះលេខ Honda CB400X ទទួលការឌីហ្សាញបែបផ្សងព្រេង និងងាយស្រួលជិះធ្វើដំណើរផ្លូវ Off-Roads ដែលវាបានបំពាក់មកជាមួយនឹងតួរខ្លួនខ្ពស់។ បន្ថែមពីនេះម៉ូតូចង្កះលេខ Honda CB400X ក៏បានបំពាក់នូវរបាំងមុខការពារ, ចង្កៀងមុខ-ក្រោយ LED និងកុងទ័រឌីជីថល LCD ជាដើម។
ម៉ូតូចង្កះលេខ Honda CB400X បានប្រើប្រាស់ម៉ាស៊ីន DOHC ចំណុះ ៣៩៩សេសេ ទំហំ ២ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled ដែលផលិតកម្លាំង ៤៦សេះ និងកម្លាំងរមួល ៣៧ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់ចង្កះលេខ ៦ វគ្គ ។ ហើយកម្រិតនៃការប្រើប្រាសសាំងរបស់ម៉ូតូ Honda CB400X ក្នុង ១លីត្រ អាចជិះបានចម្ងាយរហូតដល់ ៤១ គ.ម។
ម៉ូតូចង្កះលេខ Honda CB400X ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៦ ៥២៨ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារនៅក្នងប្រទេសជប៉ុន៕