Honda Accord ប្រភេទ PHEV ចេញលក់ជាផ្លូវការនៅចិន ឯតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda Accord ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី ដែលជាការផលិតរួមគ្នាជាមួយក្រុមហ៊ុន GAC ជាមួយតម្លៃលក់ចាប់ពី ៣១ ០៥៣ ដុល្លារ ដល់ ៣៥ ៥៩០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Honda Accord ស៊េរីថ្មីចុងក្រោយ នេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានសរុប២០៧ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ផ្គួបនឹងអាគុយទំហំ ១៧,៧ គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយនៃបើកបរបាន ១០៦ គីឡូម៉ែត្រដោយប្រើថាមពលអគ្គីសនីសុទ្ធ ខណៈប្រើអគ្គីសនី លាយសាំង អាចបើកបាន ២ ១៣២ គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងផ្នែកខាងក្រៅរបស់ រថយន្តប្រភេទ sedan នេះ ទទួលបានការឌីស្សាញថ្មីទៅ ប៉ាណាមុខ រួមទាំងចង្កៀងមុខ LED លេងការឌីស្សាញស៊ីគ្នានៅនឹងប៉ាណា ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់ជាមួយប្រព័ន្ធ Honda Connect 4.0 system អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold ជាដើម។ លើសពីនេះ ក៏បានបញ្ចូលនៅប្រព័ន្ធសុវត្ថិភាព Honda Sensing safety system និងប្រព័ន្ធចេញ-ចូលចំណតដោយស្វ័យប្រវត្តិទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម