Honda City ឆ្នាំ ២០២៣ ថ្មី បំពាក់ប្រព័ន្ធ Hybrid ស៊ីសាំងតិច និងទំនើបជាងមុន បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda City ស៊េរីឆ្នាំ ២០២៣ ថ្មី រូបរាងស្ព័រជាងមុនជាមួយតម្លៃលក់ចាប់ពី ១៤ ០៦១ ដុល្លារ ដល់ ២៤ ៩៥៣ ដុល្លារ​នៅ​ក្នុងទីផ្សារ​ប្រទេស​ឥណ្ឌា។

សម្រាប់រថយន្ត Honda City ឆ្នាំ ២០២៣ ថ្មី​ បានរចនាប៉ាណាមុខថ្មីជាមួយនឹងបន្ទះក្រូម៉េស្តើងមុន អបសងខាងចង្កៀងមុខរចនាថ្មី ការរចនាកាងខាងមុខ-ខាងក្រោយថ្មីដែលតុបតែងដោយកាបូន បន្ថែមកាង spoiler លយចេញក្រៅ ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ក៏ដូចជាជម្រើសពណ៌តួខ្លួន (ខៀវ) Obsidian Blue Pearl ជាជម្រើសលើកដំបូងនៅក្នុងទីផ្សារប្រទេសឥណ្ឌាទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង បានតុបតែងជាពីរពណ៌ បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្តទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមជាមួយនឹងការភ្ជាប់ Honda Connect ផងដែរ ការធ្វើឲ្យប្រសើរឡើងនៅកាមេរ៉ាជំនួយពេលថយក្រោយ កន្លែងសាកថ្មឥតខ្សែ និងផ្លិតទឹកអូតូ។ លើសពីនេះ Honda City ស៊េរីឆ្នាំ ២០២៣ របស់ឥណ្ឌា ត្រូវបានបំពាក់ដោយឧបករណ៍បំពងសំឡេងចំនួន ៨ ចំនុច និងដំបូលបើកដោយថាមពលអគ្គិសនី ហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងបានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing Safety system ផងដែរ។

ទាក់នឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Honda City ស៊េរីឆ្នាំ ២០២៣ ថ្មី មាន ២ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ​ ១,៥ លីត្រ ប្រភេទ i-VTEC ផលិតកម្លាំងបាន ១២១ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងប្រអប់លេខដៃ ៦ វគ្គ កម្រិតស៊ីសាំងជាមធ្យម ៥ ទៅ ៦ លីត្រ/១០០ គីឡូម៉ែត្រ។
  • ម៉ាស៊ីនកូនកាត់ Hybrid ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបាន ១២៦ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT  កម្រិតស៊ីសាំងជាមធ្យម ៣ ទៅ ៤ លីត្រ/១០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម