[ទីផ្សារប្រទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់ជាផ្លូវការនៅរថយន្ត Honda Civic ជំនាន់ទី ១១ ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ប្រភេទកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ២៨ ៧៥០ ដុល្លារ ដល់ ៣១ ៧៥០ ដុល្លារ និងម៉ូដែលម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ មានតម្លៃលក់ចាប់ពី ២៤ ២៥០ ដុល្លារ ដល់ ២៦ ២៥០ ដុល្លារ ។
Honda Civic ជំនាន់ថ្មីនេះ ដំណើរការម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ។ លើសពីនេះ ក៏ទទួលបានជម្រើសម៉ាស៊ីនសាំងចំណុះ ២,០ លីត្រផងដែរ ។
ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ Honda Civic ស៊េរីថ្មីចុងក្រោយមានលក្ខណៈបែបស្ព័រជាងមុន ដោយទទួលបានប៉ាណា រួមទាំងកាងមុខថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED រាងស្លីម និងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងក៏ទទួលបានការតុបតែងថ្មី រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធ Google Built-in ឧបករណ៍បំពងសំលេងម៉ាក BOSE ១២ចំនុច និងដំបូលកញ្ចក់ Sunroof ជាដើម ៕