អង្គភាពវាយតម្លៃរថយន្តថ្មីប្រចាំនៅអាស៊ាន (ASEAN NCAP) បានធ្វើការផ្តល់នូវចំណាត់ថ្នាក់នៃការវាយតម្លៃនៃរថយន្ត Honda Civic ឆ្នាំ២០២២ ជាមួយចំណាត់ថ្នាកផ្កាយ ៥ពេញ បន្ទាប់ពីរថយន្តនេះបញ្ចប់ការធ្វើតេស្តចុងក្រោយរបស់ខ្លួន។
យោងតាមការរាយកការណ៍ បានបង្ហាញថាម៉ូឌែលដែលធ្វើការតេស្តនេះគឺជាម៉ូឌែល EL+ ដែលមានលក់នៅលើទីផ្សារប្រទេសថៃ, សិង្ហបុរី និងប្រទេសឥណ្ឌូនេស៊ីផងដែរ។
ជាមួយការតេស្តនេះរថយន្ត Honda Civic ឆ្នាំ២០២២ ទទួលបានពិន្ទុសរុប ២៩,២៨/៣២ពិន្ទុ សម្រាប់ការការពារអ្នកដំណើរពេញវ័យ, ចំនួន ៤៦,៧២/៥១ពិន្ទុ សម្រាប់ការការពារអ្នកដំណើរវ័យក្មេង, ១៩,០៧/២១ពិន្ទុ សម្រាប់មុខងារជំនួយសុវត្ថិភាព និងចំនួន ៨,៣២/១៦ពិន្ទុ សម្រាប់ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់។
Honda Civic លក់នៅប្រទេសថៃ មានចំនួនបីជម្រើស ក្នុងនោះមាន EL, EL+ និង RS ដោយប្រភេទនីមួយៗមានតម្លៃចាប់ពី ២៩ ០០០ដុល្លារ, ចាប់ពី ៣០ ៣០០ដុល្លារ និងតម្លៃចាប់ពី ៣៦ ០០០ដុល្លារ។
រថយន្តដែលដាក់លក់នេះមានប្រើប្រាស់ម៉ាស៊ីន Turbocharged ចំណុះ១,៥លីត្រ អាចផលិតកម្លាំងបាន១៧៨សេះ និងប្រើប្រាស់ប្រអប់លេខ CVT៕