All-new Honda Civic Type R ស៊េរីឆ្នាំ ២០២៣ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Civic Type R ស៊េរីឆ្នាំ ២០២៣ ​ថ្មី​ ​​ជា​លើក​ដំបូងនៅ​ក្នុង​ពិភព​លោក។ ក្រុមហ៊ុន Honda បញ្ជាក់ថា Civic Type R ថ្មី គឺជារថយន្តដែលមានកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ៣០ ឆ្នាំនៃគ្រួសារ Type R ហើយក៏ជារថយន្តដែលខ្លាំងបំផុតមិនធ្លាប់មានលក់នៅសហរដ្ឋអាមេរិករបស់ Honda ផងដែរ។

Honda Civic Type R ស៊េរីឆ្នាំ ២០២៣ ថ្មី ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹង Civic Hatchback ជំនាន់ទី ១១ បច្ចុប្បន្ន។ ខណៈពេលដែលរចនារាងកាយត្រូវបានបង្កើតឡើងដើម្បីឲ្យមានទម្ងន់ស្រាល និងរឹងមាំ វាធ្វើអោយប្រសើរឡើងនៅស្ថេរភាពក្នុងការបើកបរល្បឿនលឿន និងអាចឆ្លើយតបបានយ៉ាងលឿននៅលើផ្លូវកែង។ មិនតែប៉ុណ្ណោះ ប្រព័ន្ធ suspension និងចង្កូតក៏ត្រូវបានធ្វើឲ្យប្រសើរឡើងទៀតផង។

ពាណិជ្ជកម្ម

HONDA CIVIC Type R ភ្ជាប់មកជាមួយរូបរាងបែបស្ព័រជាងមុន ដោយប៉ាណាមុខមានការរចនាជាសំណាញ់ រន្ធខ្យល់ចេញ-ចូលរាងជ្រុង។ ខណៈផ្នែកខាងក្រោយ មានបំពាក់ជាមួយបំពង់ស៊ីមាំងចំនួនបីដែលដាក់នៅកណ្តាល, កាង spoiler ខាងក្រោយធំពណ៌ខ្មៅ, ឡូហ្គោ​អក្សរ TYPE R, ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ស្រោបជាមួយសំបងកង់ 265/30R19 Michelin Pilot Sport 4S និងដុំហ្រ្វាំង Brembo calipers ពណ៌ក្រហម។

រីឯផ្នែកខាងក្នុងគឺស្រដៀងគ្នាទៅនឹងរថយន្ត Honda Civic ជំនាន់ទី ១១ ថ្មី ដោយមានកៅអីស្ព័រស្រោបដោយស្បែកជាមួយឡូហ្គោ Type R ពណ៌ក្រហម។ ដៃ​ចង្កូត​ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​ជាមួយ​ថ្នេ​ដេរ​ពណ៌ក្រហម អេក្រង់កំសាន្តទំហំ ១០,២ អ៊ីញ កុងទ័រព័ត៌មានឌីជីថល បង្ហាញព័ត៌មានជា ២របៀប ដូចជា COMFORT cover driving mode និង R+ sport mode និងប្រព័ន្ធបង្ហាញព័ត៌មានបើកបរ Honda LogR data recorder ជាមួយអេក្រង់បង្ហាញការបើកបរ ដូចទៅនឹងរថយន្ត SuperCar ។

Honda មិន​ទាន់​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​កម្លាំង​របស់ Honda Civic Type R ថ្មី​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​និយាយ​ថា​នឹង​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីនចំណុះ ២,០ turbocharged ទំហំ ៤ ស៊ីឡាំង ​ភ្ជាប់ជាមួយប្រអប់​លេខ​ដៃ​ ៦ វគ្គ ប៉ុង១ វិលដោយកង់មុខ​ និងប្រព័ន្ធចាក់សោរប៉ុង Limited Slip Differential៕

Sponsored