[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានបង្ហាញចេញលក្ខណៈសម្បត្តិរបស់ Civic Type R ស៊េរីឆ្នាំ២០២៣ ជាផ្លូវការសម្រាប់ទីផ្សារអាមេរិកខាងជើង ដោយរថយន្តស៊េរីថ្មីនេះនឹងអាចផលិតកម្លាំងជាងស៊េរីបច្ចុប្បន្នបានចំនួន ៩សេះ។
ដោយប្រើប្រាស់ម៉ាស៊ីន K20C1 របស់ Honda ដែលជាប្រភេទ Turbocharged ៤ស៊ីឡាំង រថយន្ត Civic Type R ស៊េរីថ្មីអាចផលិតកម្លាំងបាន ៣១៥សេះ និងមានកម្លាំងបង្វិលចន្លោះពី ២៦០០ ទៅ ៤០០០ជុំក្នុងមួយនាទី ដែលធ្វើឲ្យរថយន្តនេះក្លាយជារថយន្តកម្លាំងខ្លាំងជាងគេរបស់ Honda សម្រាប់ទីផ្សារអាមេរិក។
ព្រោះតែប្រើប្រាស់គ្រោងឆ្អឹងរបស់ Civic Hatchback ជំនាន់ទី១១ ហេតុនេះហើយ Civic Type R ស៊េរីថ្មីមានប្រវែងពីកង់មុខទៅកង់ក្រោយវែងជាងមុន ៣,៥ស.ម ខណៈដែលកង់រថយន្តស្ថិតនៅចម្ងាយឆ្ងាយពីគ្នាជាងមុន ២,៥ស.មសម្រាប់ផ្នែកខាងមុខ និងផ្នែកខាងក្រោយវែងជាងមុន ១,៩ស.ម។
ពេលចេញលក់ អតិថិជនៅអាមេរិក នឹងមានជម្រើសពណ៌ចំនួនប្រាំឲ្យជ្រើសរើសសម្រាប់រថយន្តស៊េរីឆ្នាំ២០២៣នេះ ដោយមានដូចជា Championship White (ផ្ដាច់មុខសម្រាប់ Type R), Rallye Red, Boost Blue, Crystal Black Pearl និង Sonic Grey Pearl។
រថយន្តស៊េរីថ្មីនេះនឹងត្រូវផលិតនៅរោងចក្រ Yorii របស់ Honda ក្នុងប្រទេសជប៉ុន ប៉ុន្តែម៉ាស៊ីនរថយន្តនឹងទទួលបានការផ្គត់ផ្គង់ពីរោងចក្រ Anna Engine របស់ Honda នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។ ចំពោះតម្លៃវិញ នឹងត្រូវបង្ហាញពេលដែលរថយន្តនេះជិតចេញលក់៕