Honda Civic TYPE R ស៊េរីថ្មី បង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសថៃ

[បរទេស] រថយន្ត Honda Civic TYPE R ស៊េរីថ្មី ដែលត្រូវបានយកមកដាក់បង្ហាញដោយផ្ទាល់ពីព្រឹត្តិការណ៍ Motor Expo 2022 លើកទី ៣៩ ដោយមិនទាន់មានកាលបរិច្ឆេទចេញលក់ជាផ្លូវការនៅឡើយ។ ប៉ុន្តែវាច្បាស់ណាស់ថានឹងត្រូវបាននាំចូលពីប្រទេសជប៉ុន (CBU) ហើយនឹងមានលក់ក្នុងចំនួនមានកំណត់នៅទីផ្សារប្រទេសថៃ។

Honda Civic TYPE R ត្រូវបានដាក់បង្ហាញចេញនៅប្រទេសជប៉ុនកាលពីខែកញ្ញាឆ្នាំមុន។ វាត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានដូចគ្នានឹង Civic Hatchback ដែលជាតួទ្វារ៥ និងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំងដែលអាចផលិតកម្លាំងបាន ៣៣០ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ ហើយបានផ្លាស់ប្តូរ flywheel ឲ្យស្រាលជាងមុន និងប្រព័ន្ធ rev-match system ក៏ត្រូវបានកែលម្អផងដែរ ដើម្បីធ្វើឲ្យការបើកបរកាន់តែល្អប្រសើរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Honda Civic TYPE R ដែល​ត្រូវ​បាន​ដាក់បង្ហាញ​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​តុបតែង​ដោយ​គ្រឿង​បន្ថែម TYPE R ដូច​ជាកាងជ្រែកខ្យល់ spoiler ខាង​មុខ​ពណ៌​ខ្មៅ​រលោង, កាងធ្លាក់នៅ​ចំហៀង​ពណ៌​ខ្មៅ​រលោង, បំពង់ស៊ីមាំងពណ៌ខ្មៅរលោងចំនួន ៣ និងកាង spoiler ខាងក្រោយពណ៌ខ្មៅរលោងធ្វើពីអាលុយមីញ៉ូមជាដើម។

ផ្នែក​ខាង​ក្នុង​កាប៊ីន​នៅ​តែ​ផ្ដោត​លើ​ភាព​ស្ព័រ​ ត្រូវបានតុបតែងជាមួយនឹងកៅអី TYPE R ពណ៌ក្រហម និងផ្នែកផ្សេងៗ វាបានភ្ជាប់មកជាមួយនូវប៊ូតុងប្រអប់លេខអាលុយមីញ៉ូមដែលរចនាថ្មី។ លើសពីនេះ Honda Civic TYPE R ថ្មីក៏បានភ្ជាប់មកជាមួយនៅអេក្រង់បង្ហាញព័ត៌មាននៃការបើកបរដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ម៉ូដែល TYPE R។ បន្ថែមជាមួយរបៀបបើកបរ +R mode ដែលអាចបង្ហាញព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់ល្បឿនលឿន រួមជាមួយនឹងការប្តូរប្រអប់លេខ ដែលបំផុសគំនិតដោយរថយន្តប្រណាំងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម