ចេញហើយ! Honda CR-V ២០២៣ នាំមកនូវរូបរាងថ្មី និងជម្រើសម៉ាស៊ីនថ្មី Hybrid បន្ថែម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣​ ជំនាន់ថ្មី សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងការរចនារូបរាងថ្មី និងសន្សំសំចៃជាមួយជម្រើសម៉ាស៊ីន Hybrid ថ្មី។

ការបង្ហាញខ្លួនជាផ្លូវការសម្រាប់រថយន្តស៊េរីថ្មីនេះ ដែលត្រូវបានបំផុសគំនិតដោយការរចនាផ្នែកខាងក្រៅចេញពីរថយន្ត  Ridgeline និង Passport TrailSport លើសពីនេះម៉ូឌែលឆ្នាំ២០២៣នេះ មានប្រវែងសរុបវែងជាងមុនចំនួន ២,៧អ៊ីញ និងប្រវែងនៃគម្លាតកង់ ១,៦អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាវាត្រូវបានបំពាក់ជាមួយប៉ាណាមុខថ្មីរចនាជារាងសំបុកឃ្មុំ អមសងខាងដោយចង្កៀងមុខប្រភេទ LED ដែលភ្ជាប់ជាមួយអំពូលបំភ្លឺពេលថ្ងៃរាងស្លីមមួយឆ្នូត បន្ថែមជាមួយការបំពាក់ជម្រើសថាសកង់រហូតទៅដល់ ១៩ អ៊ីញ។ ហើយផ្នែក​ខាង​ក្រោយ​ត្រូវ​បាន​រចនា​ថ្មីផងដែរ ជាមួយចង្កៀង​សងខាងប្រភេទ LED រាង​អក្សរ L ។

មិនត្រឹមតែផ្នែកខាងក្រៅ ផ្នែកខាងក្នុងក៏បានរចនាថ្មីផងដែរ ដោយវាជា DNA ថ្មីរបស់ Honda ដោយការរចនាសំណាញ់ម៉ាស៊ីនត្រជាក់ជាសំបុកឃ្មុំឲ្យឈ្មោះថា Honeycomb Mesh ព្រមទាំងប្រើប្រាស់ជាមួយស្បែកប្រណិតនៅលើ ផ្ទៃតាប្លូ កៅអី ដៃចង្កូត​ និងកុងស៊ូលកណ្តាល។ បន្ថែមពីនេះ គ្រឿងបរិក្ខាបន្ថែមរួមមាន កុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍ភ្ជាប់ USB Type C 3.0A, កន្លែងសាកថ្មឥតខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១២ ចំនុច។

សម្រាប់ម៉ូដែលរថយន្ត CR-V ស៊េរីឆ្នាំ ២០២៣ ទទួលបានជម្រើសម៉ូដែលចំនួន ៤ ប្រភេទរួមមាន EX, EX-L, Sport និង Sport Touring។

ក្នុងនោះម៉ូឌែល EX និង EX-L ដំណើរការដាយម៉ាស៊ីនចំណុះ ១,៥ លីត្រ  turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ២៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។ រីឯ Sport និង Sport Touring ត្រូវបានបំពាក់ដោយប្រព័ន្ធ Hybrid ដោយមានម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ។

មិនតែប៉ុណ្ណោះ ក៏បានភ្ជាប់ជាមួយកញ្ចប់សុវត្ថិភាព Honda Sensing ដែលមានប្រព័ន្ធសុវត្ថិភាពស្តង់ដាដូចជា៖ កាំមេរ៉ា ៩០ ដឺក្រេ និងរ៉ាដា ១២០ ដឺក្រេ, ប្រព័ន្ធជំនួយជាប់ស្តុប (Traffic Jam Assist), ប្រព័ន្ធកំណត់ល្បឿន (Adaptive Cruise Control with Low-Speed ​​Follow), ប្រព័ន្ធជំនួយកុំឲ្យចាកគន្លងផ្លូវ (Lane Keeping Assist)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម