Honda Fit ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Fit ស៊េរីឆ្នាំ ២០២៣​ ដែលទទួលបានការកែមុខមាត់ថ្មី ជាមួយនឹងតម្លៃលក់ចាប់ពី ១០ ៩៤៤ ដុល្លារ ដល់ ១៨ ៣០៦ ដុល្លារ ក្នុងទីផ្សារប្រទេសជប៉ុន។

ការរចនាផ្នែកខាងក្រៅរបស់ Honda Fit ស៊េរីឆ្នាំ ២០២៣ ត្រូវបានកែប្រែតិចតួច ប៉ុន្តែអ្វីដែលពិសេសនោះគឺ ម៉ូដែល RS ដែលសង្កត់ធ្ងន់ទៅលើរូបរាងបែបស្ព័រ ជាមួយនឹងប៉ាណាមុខ cross-grilled ពណ៌ខ្មៅ កាងខាងមុខរចនាម៉ូដ RS ជាមួយនឹងឡូហ្គោ RS នៅលើរន្ធខ្យល់ចេញ-ចូល កាងឈ្នាន់ជើងចំហៀងតុបតែងដោយពណ៌ខ្មៅ កាងខាងក្រោយត្រូវបានរចនាថ្មី, កាង spoiler ខាង​ក្រោយ និង​ថាស​កង់ស្ព័រប្រភេទ 5-spoke រចនាជាពីរពណ៌ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុង មានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing ADAS ជាស្តង់ដារលើគ្រប់ម៉ូដែលទាំងអស។ រួម​ទាំង​ការ​ដំឡើងមុខងារ Deceleration Selector នៅ​លើ​ចង្កូត​ដើម្បី​បង្កើន​ការបន្ថែម-​បន្ថយ​ល្បឿន​ ដោយមានរបៀប​បើកបរ​ចំនួន ៣ រួមមាន Normal, Sport និង Eco។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Honda Fit ស៊េរីឆ្នាំ ២០២៣ នៅក្នុងទីផ្សារប្រទេសជប៉ុន គឺប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ Hybrid e:HEV អាចផលិតកម្លាំងបាន ១០៦ សេះ និងកម្លាំងរមួល ១២៧ ញ៉ូតុនម៉ែត្រ និងបន្ថែមជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងពី ១៤ សេះ ដល់ ១២៣ សេះ កម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ។ ខណៈម៉ូដែលផ្សេងទៀតគឺម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំងដែលមានកម្លាំង ១១៨ សេះ និងកម្លាំងរមួល ១៤២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ CVT។ ក្នុងនោះ រថយន្ត Honda Fit ក៏​មាន​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផង​ដែរនៅប្រព័ន្ធ suspension ​រួម​ជាមួយ​នឹង​ការបើកបរគ្រប់ស្ថានភាពផ្លូវផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម