Honda Jazz e:HEV មុខមាត់ថ្មីរបស់​អឺរ៉ុប បន្ថែមរូបរាងកាន់តែស្ព័រ កម្លាំងខ្លាំងជាងមុន

[បរទេស] បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយមុខមាត់ថ្មី​នៅ​ក្នុង​ប្រទេស​ជប៉ុន ខណៈពេលេនះ ក្រុមហ៊ុន Honda បាន​ធ្វើការអាប់ដេត​​សម្រាប់​រថយន្ត Honda Jazz e:HEV ស៊េរីឆ្នាំ ២០២៣ របស់អឹរ៉ុប ដែល​រួម​មាន​ការ​ផ្លាស់​ប្តូ​រ​​ការ​រចនា​ផ្នែក​ខាង​ក្រៅ, ម៉ាស៊ីនកូនកាត់ hybrid ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​មុន។

Honda Jazz e:HEV Advance Sport ថ្មីមើលទៅដូចគ្នាបេះបិទទៅនឹង Honda Fit e:HEV RS របស់ប្រទេសជប៉ុន ។ ការផ្លាស់ប្តូរលើរថយន្ត Honda Jazz​ ម៉ូដែលធម្មតាគឺផ្តោតទៅលើកាងខាងមុខដែលបានរចនាឡើងវិញជាមួយនឹងផ្ទៃពណ៌ខ្មៅដ៏ធំជុំវិញកន្លែងរន្ធបឹតខ្យល់ធំជាងមុន ប៉ាណាមុខរាងជាសំបុកឃ្មុំ Honeycomb កាងចំហៀង និងថាសកង់យស្ព័រទំហំ ១៦ អ៊ីញប្រភេទ 5-double spoke ជាមួយពណ៌តួខ្លួន Urban Grey នឹងកញ្ចក់ខ្មៅរលោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈម៉ូដែល Honda Jazz e:HEV Crosstar មាន​រូបរាង​រឹងមាំ​ជាង​មុន​​ដោយ​សារ​ការ​កែ​លម្អនៅប៉ាណាមុខប្រភេទ Honeycomb grill និង​ការ​បន្ថែមពណ៌​ប្រាក់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​តួ​ខ្លួន ហើយទទួលបានពណ៌ខៀវថ្មីសម្រាប់ផ្នែកខាងក្រៅ និងពណ៌ថ្មីសម្រាប់ថាសកង់ផងដែរ។

ការអាប់ដេតផ្នែកខាងក្នុងត្រូវបានកំណត់ចំពោះជម្រើសពណ៌ និងកៅអីថ្មីសម្រាប់ Crosstar ។ Advance Sport ទទួលបានគ្រឿងស្បែកពណ៌ខ្មៅ/ប្រផេះ និងថ្នេដេរជាច្រើនពណ៌ ដៃចង្កូតបែបស្ព័រប្រភេទ 3-spoke steering wheel, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់គមសាន្តទំហំ ៩ អ៊ីញ និងកៅអី Magic Seats ខាងក្រោយផងដែរ។ លើសពីនេះ​ ប្រព័ន្ធ Honda Sensing ADAS ទទួលបានការអាប់ដេតថ្មី និងមានស្តង់ដារជាមួយនឹងពោងសុវត្ថិភាពចំនួន ១០ ចំនុច។

ចំពោះផ្នែកម៉ាស៊ីនវិញ Honda Jazz របស់អឺរ៉ុបគឺអាចប្រើបានទាំងស្រុងជាកូនកាត់ hybrid នៅអឺរ៉ុប និងចក្រភពអង់គ្លេស ដែលអផលិតកម្លាំងរួមបញ្ចូលគ្នាបាន ១២១ សេះ​ និងកម្លាំងរមួល​ ២៥៣ ញ៉ូតុនម៉ែត្រ ។​ ខណៈម៉ូទ័រអគ្គិសនីទី ២ ដំណើរជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៦ សេះ​ និងកម្លាំងរមួល ១៣១ ញ៉ូតុនម៉ែត្រ។Honda ក៏បានកែប្រែប្រអប់លេខស្វ័យប្រវត្តិសម្រាប់ដំណើរការរលូន ។ សំខាន់ជាងនេះទៅទៀត Honda Jazz e:HEV Advance Sport ទទួលបានអត្ថប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើងនៅប្រព័ន្ធ suspension ផងដែរ ។

ការលក់ស៊េរី Honda Jazz ដែលបានអាប់ដេតនៅអឺរ៉ុប និងចក្រភពអង់គ្លេសនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣។ ខណៈតម្លៃនឹងត្រូវបានប្រកាសនៅពេលរថយន្តនេះកាន់តែខិតជិតដល់ការចេញលក់នៅលើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម