
រថយន្ត Honda Prelude បានវិលត្រឡប់មកវិញ ប៉ុន្តែវាហាក់បីដូចជាមិនទាន់ទទួលបានការគាំទ្រខ្លាំងក្លានៅឡើយ។ នៅក្នុងខែធ្នូចំនួនលក់បានត្រឹមតែ ១៧៤គ្រឿងប៉ុណ្ណោះ។ បើទោះបីជាចំនួននេះច្រើនជាងខែដំបូងនៃការចេញលក់ ពោលខែវិច្ឆិកា លក់បាន ៣០គ្រឿងក៏ដោយ ប៉ុន្តែបើធៀបនឹងគូប្រជែងផ្សេងៗ Prelude នៅមានគម្លាតឆ្ងាយ។

ខណ:ពេលគូប្រជែងសំខាន់ៗជាច្រើនលក់បានច្រើនជាង ជាក់ស្តែងដូចជា Subaru BRZ លក់បាន ២២៩គ្រឿង Toyota Supra លក់បាន ២៧៧គ្រឿង Toyota GR86 លក់បាន ៥៧៦គ្រឿង និង Nissan Z ចំនួនលក់ជាមធ្យមលើសពី ២២១ គ្រឿងក្នុងមួយខែ។

ជាមួយតួរលេខនៃការលក់ចេញបានតិចបែបនេះមកពីកត្តាជាច្រើន ជាក់ស្តែងរថយន្ត Hybrid មួយនេះ អាចផលិតកម្លាំងត្រឹមតែ ២០០សេះ ខណ:ពេលដែលរថយន្តដទៃមានតម្លៃប្រហាក់ប្រហែលគ្នាមានកម្លាំងខ្លាំងជាង និងផ្តល់នូវអារម្មណ៍ក្នុងការបើកបរស្ព័រជាង។ កត្តាមួយទៀតនោះគឺតម្លៃ ដោយរថយន្តនេះមានតម្លៃចាប់ពី ៤២ ០០០ដុល្លារមុខពេលបូកថ្លៃដឹក ១ ១៩៥ដុល្លារ រួមជាមួយកម្លាំងផលិតបានត្រឹម ២០០សេះ គឺវាស្ថិតនៅកម្រិតមួយដែលត្រូវពិចារណាច្រើន ខណ:ពេលអ្នកទិញអាចជ្រើសចាយលុយត្រឹម ៣២ ១៩០ដុល្លារ អាចទិញបាន Honda Civic Si ដែលជាម៉ូឌែលរបស់ Honda ដូចគ្នាផងដែរ។ បន្ថែមពីនេះ កត្តាភ្នាក់ងារលក់មួយចំនួនដែលព្យាយាមលក់ក្នុងតម្លៃខ្ពស់ជាងតម្លៃក្រុមហ៊ុនកំណត់ចេញពីរោងចក្រ (MSRP) ដែលវាក៏ជាឧបសគ្គរារាំងអតិថិជនផងដែរ។

ទោះបីជា Prelude លក់មិនសូវដាច់ ប៉ុន្តែម៉ូដែលដទៃទៀតរបស់ Honda ដូចជា Passport លក់ដាច់ខ្លាំង កើនឡើង ៦៩,៨%, Odyssey និង Ridgeline នៅតែមានតួលេខលក់ល្អប្រសើរនៃការលក់សរុបក្នុងខែធ្នូ ឆ្នាំ២០២៥។ រីឯម៉ូដែល Acura វិញហាក់ជួបបញ្ហាខ្លះ ដោយការលក់បានកើនឡើងប្រហែល ០,៨% ប៉ុណ្ណោះ ដោយសារការឈប់ផលិតម៉ូដែលមួយចំនួនដែលធ្លាប់តែលក់ដាច់៕






















