[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda WR-V ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មីទាំងស្រុង ជាមួយតម្លៃលក់ចាប់ពី ១៧ ១២៩ ដុល្លារ ដល់ ១៩ ៥០១ ដុល្លារនៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី។
ការរចនាផ្នែកខាងក្រៅនៃម៉ូដែល Honda WR-V RS ត្រូវបានរចនាមានលក្ខណៈស្ព័រ។ បំពាក់ដោយចង្កៀងមុខប្រភេទ LED និងចង្កៀងក្រោយរាងអក្សរ L ។ បំពាក់ជាមួយតួខ្លួន RS style kit ដែលមានការរចនាបែបស្ព័រ កាងខាងមុខ និងខាងក្រោយ, ប៉ាណាមុខមានឡូហ្គោ RS ដំបូលពណ៌ខ្មៅ និងគម្របកញ្ចក់ចំហៀងពណ៌ខ្មៅ ជាមួយនឹងកង់យ៉ាន់ស្ព័រទំហំ ១៧ អ៊ីញរចនាជា ២ ពណ៌ និងបានលើកប្រព័ន្ធ suspension កម្ពស់ ២២០ មីលីម៉ែត្រ ដើម្បីការបើកបរគ្រប់ស្ថានភាពផ្លូវឲ្យកាន់តែប្រសើរឡើង។
រីឯនៅផ្នែកខាងក្នុងវិញ គ្រឿងបរិក្ខាតុបតែងដោយស្បែកពណ៌ខ្មៅ ជាមួយថ្នេដេរពណ៌ក្រហម ភ្ជាប់មកជាមួយកុងទ័រព័ត៌មាន TFT ទំហំ ៤,២ អ៊ីញ ដែលអាចបង្ហាញព័ត៌មានអំពីប្រព័ន្ធ Honda SENSING និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ អាចភ្ជាប់ជាមួយស្មាតហ្វូន និងការហៅទូរស័ព្ទដោយឥតខ្សែ, កន្លែងដាក់ដបទឹកចំនួន ៦ កៅអីខាងក្រោយដែលអាចបត់បាន ៦០/៤០ ជាដើម។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Honda WR-V ស៊េរីឆ្នាំ ២០២៣ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២១ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័ប្រវត្តិ CVT។
ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាព រថយន្តនេះភ្ជាប់មកជាមួយប្រព័ន្ធ Honda SENSING រួមមាន ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តចាកន្លងផ្លូវ, ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គមកពីខាងមុខ, ប្រព័ន្ធកំណត់ល្បឿនបើកបរ, ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព ពោងសុវត្ថិភាពចំនួន ៦ ចំនុច និងមុខងារជាច្រើនទៀតផងដែរ៕