ក្រុមហ៊ុន Honda បានបង្ហាញចេញខ្លះៗពីរថយន្តអគ្គិសនី e:NS1 និង e:NP1 សម្រាប់ដាក់លក់នៅលើទីផ្សារប្រទេសចិន ដែលរថយន្តទាំងពីរនេះមានប្រើប្រាស់គ្រោងឆ្អឹង e:N Architecture F ដែលជាគ្រោងឆ្អឹងថ្មីសម្រាប់រថយន្តអគ្គិសនី។
Honda បានបង្ហើបឲ្យដឹងថារថយន្ត e:NS1 និង e:NP1 ដែលមានបំពាក់បច្ចេកវិទ្យាបើកបរដ៏ទំនើបនោះ នឹងអាចបើកបរបានរយៈចម្ងាយលើសពី ៥០០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ខណៈដែលក្រុមហ៊ុនមិនបានប្រាប់អំពីទំហំអាគុយជាក់លាក់នោះឡើយ។
រថយន្តទាំងពីរនេះមានប្រព័ន្ធភ្លើងដ៏ពិសេសប្លែកគេឈ្មោះថា “Heartbeat Interactive Light” ដែលអាចបង្ហាញចេញជាភ្លើងប្លែកៗច្រើនប្រភេទនៅពេលដែលវាសាកភ្លើង។ មុខងារពិសេសមួយចំនួនទៀតមានដូចជាមុខងារកាត់បន្ថយសំឡេងរំខានធ្វើឲ្យកាប៊ីនខាងក្នុងស្ងាត់, មុខងារបើកបរបែបស្ព័រ និងមុខងារ Honda EV Sound ផងដែរ។
បន្ថែមពីលើប្រណីតភាព អតិថិជនក៏នឹងទទួលបានបច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរ តួយ៉ាងដូចជានៅលើរថយន្ត e:NS1 មានបំពាក់អេក្រង់កម្សាន្តទំហំ ១៥,២អ៉ីញ ដែលដំណើរការដោយ e:N OS ដែលមានគួបផ្សំដោយមុខងារ Sensing 360 និងប្រព័ន្ធ Connect 3.0 ជាមួយកុងទ័រឌីជីថលទំហំ ១០,២៥អ៉ីញផងដែរ។
គួរដឹងផងដែរថាព័ត៌មានបន្ថែមទៀតអំពីរថយន្ត e:NS1 និង e:NP1 ដូចជាកម្លាំងម៉ូទ័រអគ្គិសនី, ទំហំអាគុយ, មុខងារសុវត្ថិភាព នឹងត្រូវប្រកាសមុនរថយន្តនេះចេញលក់លើទីផ្សារប្រទេសក្នុងខែកុម្ភៈ ឆ្នាំ២០២២៕