[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញនៅរូបភាព teaser នៃរថយន្ត Honda WR-V ជាប្រភេទ Crossover មុនពេលបង្ហញខ្លួនជាផ្លូវការនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២។
រថយន្តដែលបង្ហាញក្នុងរូបភាព Teaser នេះត្រូវបានគេរំពឹងថាជារថយន្តប្រភេទ SUV RS Concept ដែលត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធី Gaikindo Indonesia International Motor Show (GIIAS) ក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២១ ហើយទំនងជាថារថយន្តនេះនឹងត្រូវដាក់លក់ជា “WR-V” ដែលបច្ចុប្បន្នក្រុមហ៊ុន Honda ប្រើឈ្មោះដើម្បីដាក់លក់រថយន្តប្រភេទ Crossover ខ្នាតតូចនៅក្នុងប្រទេសមួយចំនួនដូចជា ឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
ទោះបីជាក្រុមហ៊ុន Honda បានព្យាយាមលាក់បាំងព័ត៌មានលម្អិតនៃរថយន្តដែលបានបង្ហាញនៅក្នុង Teaser ក៏ដោយ ប៉ុន្តែនៅមើលឃើញថា ប្រវែងតួខ្លួនគឺស្រដៀងទៅនឹងគំរូរថយន្ត SUV RS Concept រួមទាំងចង្កៀងមុខ LED និងចង្កៀងក្រោយ ជាមួយនឹងដំបូល roof rack ផងដែរ។ ខណៈព័ត៌មានលម្អិតផ្សេងទៀតនឹងត្រូវដាក់បង្ហាញម្ដងទៀតបន្ទាប់ពីរថយន្តត្រូវបានដាក់បង្ហាញនៅថ្ងៃទី ២ ខែវិច្ឆិកា។
គួរបញ្ជាក់ផងដែរថា រថយន្តនេះ នៅប្រទេសឥណ្ឌាប្រើប្រាស់ម៉ាស៊ីនចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ៕