ក្រុមហ៊ុន Honda បានប្រកាសថា ខ្លួននឹងដាក់លក់រថយន្ត NSX Type S ស៊េរីឆ្នាំ២០២២ ដែលទើបតែចេញថ្មី ត្រឹមតែ ៣០គ្រឿងប៉ុណ្ណោះ នៅក្នុងប្រទេសជប៉ុន។
រថយន្ត NSX Type S ឆ្នាំ២០២២ បានបង្ហាញខ្លួនដំបូងកាលពីដើមខែសីហា ដោយពាក់ឡូហ្គូ Acura។ នៅពេលនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះបានប្រកាសថា វានឹងត្រូវផលិតត្រឹមតែចំនួន ៣៥០គ្រឿងប៉ុណ្ណោះ នៅលើពិភពលោក។
ក្នុងនោះដែរ ៣០០គ្រឿង នឹងមានលក់នៅសហរដ្ឋអាមេរិក ដោយបំពាក់ឡូហ្គូ Acura និង ៣០គ្រឿងទៀត លក់នៅជប៉ុន តែប្រើឡូហ្គូ Honda។ ទោះបីជាយ៉ាងណាក៏ដោយ NSX Type S ឆ្នាំ២០២២ ចំនួន ២០គ្រឿងទៀត មិនទាន់បានបញ្ជាក់ថានឹងត្រូវដាក់លក់នៅទីណាខ្លះឡើយ។
គួរឲ្យដឹងថា អតិថិជននៅក្នុងប្រទេសជប៉ុន ដែលចង់បានរថយន្ត NSX Type S ឆ្នាំ២០២២ នេះ នឹងត្រូវចាយលុយ ២៧,៩៤លានយ៉េន ឬប្រហែល ២៥៤ ០០០ដុល្លារ ខណៈពេលដែលរថយន្តនេះត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិក ក្នុងតម្លៃត្រឹមតែ ១៦៩ ៥០០ដុល្លារប៉ុណ្ណោះ។
រថយន្ត Honda /Acura NSX Type S បំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ៣ ដែលបង្កើតកម្លាំងបានសរុប ៦០០សេះ៕