
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Honda Motor នឹងបន្តផ្អាកប្រតិបត្តិការនៅរោងចក្រក្នុងប្រទេសចិនចំនួន៣ យូរជាងការគ្រោងទុក ពោល ២សប្តាហ៍បន្តទៀត ដោយសារកង្វះខាតបន្ទះឈីប Semiconductor ។

ការសម្រេចចិត្តនេះ ធ្វើឡើងនៅរោងចក្រ GAC-Honda Automobile Co., Ltd. ទាំង៣ ដែលបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនយក្សរបស់ចិន Guangzhou Automobile Group (GAC Group)។ ដំបូងឡើយ ពួកគេត្រូវបានគេគ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទ បន្ទាប់ពីត្រូវបានបិទអស់រយៈពេល ៥ថ្ងៃរហូតដល់ថ្ងៃសុក្រកន្លងមកនេះ ប៉ុន្តែឥឡូវនេះពួកគេត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅថ្ងៃទី១៩ ខែមករា។

ការផ្អាកនៃការដឹកជញ្ជូនបន្ទះឈីបរថយន្តរបស់ Nexperia ដែលជាក្រុមហ៊ុនផលិតឈីបរបស់ចិនដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសហូឡង់ បានធ្វើឱ្យសមាសធាតុសំខាន់ៗសម្រាប់ផលិតរថយន្ត Honda ខ្វះខាត។ ជាមួយបញ្ហានេះ ក្រុមហ៊ុន Honda ក៏កំពុងស្វែងរកឈីបផ្សេងជំនួស ដើម្បីរក្សាប្រតិបត្តិការរោងចក្រប្រកបដោយស្ថិរភាព។

គួររំលឹកផងដែរថា ក្រៅពីរោងចក្រនៅប្រទេសចិន Honda ក៏បាននិយាយដែរថា ខ្លួនបានកាត់បន្ថយ និងបញ្ឈប់ការផលិតនៅរោងចក្រជប៉ុនចំនួន២ កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដោយមានរោងចក្រ Suzuka ក្នុងខេត្ត Mie និងរោងចក្រ Yorii ក្នុងខេត្ត Saitama៕






















