Huawei ចេញលក់ Aito M8 ជាផ្លូវការ តម្លៃ ៥មុឺនដុល្លារ អាចបើកបាន ១ពាន់ជាងគីឡូម៉ែត្រ

[ទីផ្សារចិន] ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញលក់់ជាផ្លូវការនូវរថយន្ត Aito M8 ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV អគ្គិសនីលាយសាំង នៅប្រទេសចិន ផ្តល់ជូនទាំងជម្រើស ៥ និង ៦កៅអី ជាមួយតម្លៃលក់ចាប់ពី ៤៨ ៩៦០ ដុល្លារ ដល់ ៦១ ២១០ ដុល្លារ ខណៈពេលនេះការបញ្ជាទិញបានឈានដល់ចំនួន ១៤មុឺនគ្រឿងហើយ។

រថយន្ដនេះ ប្រើប្រាស់នូវម៉ាស៊ីន ១.៥ លីត្រ turbocharged និងម៉ូទ័រអេឡិចអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥២៦ សេះ ផ្គួបជាមួយអាគុយទំហំ ៣៧ និង ៥៣,៤ គីឡូវ៉ាត់ម៉ោង អាចបើកបាន ២០១ និង ៣១០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនីលាយសាំងអាចបើកបរបាន ១ ៤០៥ និង ១ ៥២៦ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Aito M8 មានប្រវែងតួខ្លួនសរុប ៥ ១៩០ ម.ម ទទឹង ១ ៩៩៩ ម.ម កម្ពស់ ១ ៧៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១០៥ ម.ម និងបានភ្ជាប់មកជាមួយការឌីស្សាញបែបស្ព័រស្រដៀងគ្នាទៅនឹងត្រកូល Aito ទាំងអស់ ជាមួយប៉ាណាបិទជិត ចង្កៀងមុខប្រភេទ Pixel-LED  រ៉ាដាលើដំបូល ទ្វារដៃប្រភេទ semi-hidden door handles ព្រមទាំងថាសកង់ស្ព័រទំហំ ២០ និង ២១ អ៊ីញ ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ចំនួន៣ ស្រដៀងទៅនឹង Aito M9 រួមមានកុងទ័រឌីជីថល ១២,៣អ៊ីញ អេក្រង់កម្សាន្ត ១៥,៦ និង ១៦ អ៊ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Huawei Harmony Smart Cockpit ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ អេក្រង់ HUD ទំហំ ៦៨អ៊ីញ កៅអីម៉ាស្សារ កម្តៅ-ត្រជាក់ បាសចំនួន ១៩គ្រាប់ និងទូរទឹកកកជាដើម។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបើកបរកម្រិតខ្ពស់ ADS 3.0 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម