
បន្ទាប់ពីប្រកាសសហការគ្នា ពេលនេះ ក្រុមហ៊ុន SAIC និង Huawei បានប្រកាសបង្ហាញចេញនូវរូបរាង ក៏ដូចជារូបភាពរបស់រថយន្តដំបូងគេនៅក្នុងត្រកូល ម៉ាក ឬប្រនថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះរថយន្តនេះគឺមានឈ្មោះថា Shangjie H5 ហើយគ្រោងនឹងប្រកាសចេញជាផ្លូវការនៅចុងឆ្នាំនេះ ជាមួយតម្លៃលក់ចាប់ពី ២០ ៧០០ដុល្លារ ដល់ ៣៤ ៥០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ចំពោះការរចនារបស់រថយន្ត Shangjie H5 នេះ គឺមានការរចនាបែបអនាគត លាយលំជាមួយភាពស្ព័រ និងឆើតឆាយ ដែលមានភ្ជាប់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាប្រព័ន្ធបច្ចេកវិទ្យា LiDAR នៅលើដំបូល ប្រព័ន្ធជំនួយការបើកបរ Huawei Qiankun ADS 4.0 និងប្រព័ន្ធកាប៊ីនឆ្លាតវៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS និងប្រព័ន្ធ AI សម្រាប់បញ្ជាសម្លេង និងអេក្រង់ជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ។
គួរបញ្ជាក់ថា Shangjie គឺជាម៉ាករថយន្តទី ៥ ដែលស្ថិតនៅក្រោម Harmony Intelligent Mobility Alliance (HIMA) បន្ទាប់ពី Aito (Seres), Luxeed (Chery), Stelato (BAIC) និង Maextro (JAC) ដែលបង្កើតឡើងដោយ SAIC និង Huawei ជាមួយនឹងការវិនិយោគដំបូងចំនួន ៨៣៧ លានដុល្លារ ហើយរថយន្ត Shangjie H5 ដែលជារថយន្តម៉ូដែលដំបូងរបស់ម៉ាកនេះ គឺត្រូវបានរំពឹងថានឹងក្លាយជាគូរប្រកួតប្រជែងជាមួយរថយន្ត BYD Song Plus, Leapmotor C11, Deepal S07 និង Xpeng G6 ៕