ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Volkswagen Group និងអ្នកផ្គត់ផ្គង់ ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាឥតខ្សែ 4G របស់ខ្លួនសម្រាប់ម៉ូដែលរថយន្តនៃ VW Group ចំនួន ៣០ លានគ្រឿង។
កិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណនឹងផ្តល់ឱ្យក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់នូវសិទ្ធិទទួលបានបច្ចេកវិទ្យា និងប៉ាតង់ 4G របស់ក្រុមហ៊ុន Huawei ដែលត្រូវបានទាមទារសម្រាប់លក្ខណៈពិសេសដូចជាប្រព័ន្ធជំនួយបើកបរកម្រិតខ្ពស់ និងបណ្តាញអ៊ីនធឺណេត។ នេះគឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតរបស់ក្រុមហ៊ុន Huawei ដែលខ្លួនបានឈានដល់ក្នុងវិស័យឧស្សាហកម្មរថយន្តខណៈពេលដែលខ្លួនកំពុងពង្រីកអាជីវកម្មរបស់ខ្លួន។
បន្ទាប់ពីសហរដ្ឋអាមេរិកបានរារាំងក្រុមហ៊ុន Huawei មិនឱ្យលក់ឧបករណ៍របស់ខ្លួននៅក្នុងប្រទេស ដោយសារតែវាត្រូវបានគេដាក់ឈ្មោះថាជាការគំរាមកំហែងសន្តិសុខជាតិ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបណ្តាក់ទុនចូលក្នុងវិស័យអាជីវកម្មផ្សេងទៀត ហើយត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរទៅផ្នែកSoftware បន្ថែមលើសហគ្រាស និងCloud Computing។
ដូចដែលបានកត់សម្គាល់ដោយ Nikkei Asia ក្រុមហ៊ុន Huawei គឺជាអ្នកកាន់ប៉ាតង់ដ៏ធំបំផុតរបស់ចិនសម្រាប់បច្ចេកវិទ្យាគមនាគមន៍ 4G និង 5G ហើយកំពុងស្វែងរកអតិថិជននៅក្នុងឧស្សាហកម្មរថយន្តដើម្បីទទួលបានអាជ្ញាប័ណ្ណបច្ចេកវិទ្យានេះ។ ក្រុមហ៊ុនរំពឹងថានឹងរកចំណូលបានជាង ១ ពាន់លានដុល្លារក្នុងថ្លៃអាជ្ញាប័ណ្ណប៉ាតង់សម្រាប់រយៈពេល ៣ ឆ្នាំរហូតដល់ឆ្នាំ ២០២១។ លើសពីនេះទៅទៀតវាបានចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប៉ាតង់ជាង ១០០ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។
នាយកប្រតិបត្តិជាន់ខ្ពស់នៃHuawei Smart Vehicle Unit របស់ក្រុមហ៊ុន Huawei លោក Wang Jun ថ្មីៗនេះបានបង្ហើបឱ្យដឹងថាក្រុមហ៊ុនចង់អភិវឌ្ឍរថយន្តដឹកអ្នកដំណើរដែលគ្មានអ្នកបើកបរត្រឹមនៅឆ្នាំ ២០២៥ ហើយព្រមទាំងបានវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិកទៅលើការស្រាវជ្រាវរថយន្តអគ្គិសនី និងបច្ចេកវិទ្យាបើកបរដោយខ្លួនឯងថែមទៀតផងដែរ៕