
បន្ទាប់ពីប្រកាសចេញលក់ដំបូងនៅក្នុងទីផ្សារប្រទេសចិន ក្នុងឆ្នាំ ២០២០ ពេលនេះ ក្រុមហ៊ុន Huawei និង Seres បានប្រកាសបញ្ចេញជាផ្លូវការនូវរូបភាព ក៏ដូចជារូបរាងរបស់រថយន្ត All-new Aito M7 ដែលជារថយន្តជំនាន់ថ្មីរបស់ខ្លួនហើយ ហើយគ្រោងប្រកាសដាក់លក់ជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ រថយន្ត Aito M7 ថ្មីនេះ គឺទទួលបាននូវការរចនាបែប Interstellar Matrix ដោយមានប្រវែងដល់ទៅ ៥ម៉ែត្រ ឯណ្ណោះ ហើយចំណែកផ្នែកប្រព័ន្ធសុវត្ថិភាពវិញ ក៏ទទួលបាននូវប្រព័ន្ធ ADS 4 ADAS ផងដែរ។
សម្រាប់ផ្នែកថាមពល រថយន្តនេះ ដំណើរការដោយបច្ចេកវិទ្យា EREV ធ្វើការជាមួយម៉ាសុីនសាំងចំណុះ ១,៥លីត្រ turbocharged ផលិតកម្លាំងបាន ១៥៨ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (4WD) អាចផលិតកម្លាំងបាន ៣០៤ និង ៥២៦សេះ និងជម្រើសអាគុយទំហំ ៣៧ ដល់ ៥៣,៤គីឡូវ៉ាត់ម៉ោង ខណៈចម្ងាយបើកបរមិនទាន់បង្ហាញនៅឡើយទេ។
ចំពោះតម្លៃវិញ អាចនឹងមានតម្លៃលក់ចាប់ពី ៣៤ ៩២០ដុល្លារ ដល់ ៤៦ ១០០ ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕