
រថយន្ត SUV Huawei Aito M8 ប្រើអគ្គិសនីសុទ្ធចាប់ផ្តើមបើកទទួលការបញ្ជាទិញមុនក្នុងតម្លៃ ៥២ ០០០ ដុល្លារ និងបានបំពាក់ជាមួយប្រព័ន្ធបើកបរអគ្គិសនីថ្មីរបស់ Huawei ហើយគ្រោងនឹងដាក់លក់ជាផ្លូវការនៅខែសីហាខាងមុខនេះ។ រថយន្ដនេះ នៅតែរក្សាការរចនា “Kunpeng” របស់ត្រកូល Aito ប៉ុន្តែមានភាពខុសគ្នានៅប៉ាណានៅខាងមុខផ្នែកខាងក្រោម ខុសពីពីម៉ូឌែលប្រើអគ្គិសនីលាយសាំង (EREV)។
សម្រាប់ចង្កៀងមុខនៅតែបំពាក់ជាមួយភ្លើង LED ២គ្រាប់ រួមបញ្ចូលជារន្ធខ្យល់នៅផ្នែកចំហៀង។ នៅលើដំបូលផ្នែកខាងមុខ រថយន្ដអគ្គិសនីនេះបន្ដបំពាក់មកជាមួយឧបករណ៍ចាប់សញ្ញា LiDAR ១៩២ ខ្សែ សម្រាប់ម៉ូឌែលនេះ វាក៏មានកន្លែងដាក់ឥវ៉ាន់ខាងមុខផងដែរ។ ចូលមកដល់ផ្នែកចំហៀង រថយន្ត Aito M8 EV នេះត្រូវបានបំពាក់ដោយកង់ថ្មីទំហំ ២១ អ៊ីញនិងបន្ថែមមកជាមួយជម្រើសថាស multi-spoke ផងដែរ។
ការរចនាផ្នែកខាងក្រោយរបស់រថយន្តនេះ បានបំពាក់ស្ដុបក្រោយ ដំណើរការដោយប្រព័ន្ធភ្លើងឆ្លាតវៃ ISD ថ្មី ឌីស្សាញជារបារក្រូមីញ៉ូម លាតសន្ធឹងអូសកាត់ពេញទទឹងផ្នែកខាងក្រោយ។ រថយន្ត M8 EV ត្រូវបានបន្ថែមដោយជម្រើសពណ៌ខាងក្រៅថ្មីគឺ Night Violet និងជម្រើសផ្ទៃក្នុងពណ៌ Truffle Brown។
ចំពោះទំហំរូបរាងផ្នែកខាងក្រៅ Aito M8 នៅតែរក្សាទំហំដូចគ្នាទៅនឹងម៉ូឌែលប្រើអគ្គិសនីលាយសាំង EREV ដោយមានប្រវែងតួខ្លួនសរុប ៥ ១៩០ ម.ម, ទទឹង ១ ៩៩៩ ម.ម, កម្ពស់ ១ ៧៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោ ៣ ១០៥ ម.ម។ រថយន្ដក៏ផ្ដល់មកជាមួយជម្រើស ៥ កៅអី និង ៦ កៅអី។ រថយន្ដនឹងក្លាយជារថយន្ដដំបូងគេមួយដែលបំពាក់នូវប្រព័ន្ធបើកបរឆ្លាតវៃ Huawei Qiankun Intelligent Driving ADS 4 ដែលផ្តល់នូវមុខងារជំនួយការបើកបរឆ្លាតវៃ និងជំនួយការចតរថយន្តឆ្លាតវៃ។
អ្វីកាន់តែពិសេសរថយន្ដនេះនឹងក្លាយជារថយន្ដដំបូង ប្រើប្រាស់់ប្រព័ន្ធបើកបរអគ្គិសនី Huawei 7-in-1 high-voltage ជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ថាមពលបម្រុង dual-path redundant។ ប្រព័ន្ធនេះនឹងមានជម្រើស ប្រើប្រាស់ម៉ូទ័រចំនួននិងម៉ូទ័រអគ្គិសនីចំនួន២។
- ម៉ូឌែលប្រើម៉ូទ័រអគ្គិសនី១: អាចកម្លាំងអតិបរមា ២២៧ គីឡូវ៉ាត់ (៣០៤ សេះ)។
- ម៉ូឌែលប្រើម៉ូទ័រអគ្គិសនី២: ម៉ូទ័រខាងមុខអាចផលិតកម្លាំងបាន ១៦០ គីឡូវ៉ាត់ (២១៥ សេះ) និងម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន ២២៧ គីឡូវ៉ាត់ (៣០៤ សេះ)។
រថយន្តអគ្គិសនី Aito M8 បានបំពាក់ដោយអាគុយ CATL ទំហំ ១០០ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៧០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC គាំទ្របច្ចេកវិទ្យាសាកថ្ម Huawei’s Whale 800V។