
រថយន្ត Huawei Stelato S9T កើតចេញពីការសហការរវាងក្រុមហ៊ុន Huawei និង BAIC បានចាប់ផ្តើមបើកបញ្ជាទិញទុកមុនជាផ្លូវការនៅប្រទេសចិន ជាមួយតម្លៃចាប់ពី ៤៥ ៦៧០ ដល់ ៥១ ២៤០ ដុល្លារ។ សម្រាប់រថយន្ដនេះផ្ដល់ជូនមកជាមួយជម្រើសប្រើអគ្គិសនីសុទ្ធនិងអគ្គិសនីលាយសាំង។
មន្ត្រីក្រុមហ៊ុន Stelato បានឲ្យដឹងថា រថយន្តប្រភេទ Wagon S9T បានទទួលការកុម្ម៉ង់ចំនួន ១០ ០០០ គ្រឿង ត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីការចាប់ផ្តើមបើកការបញ្ជាទិញទុកមុននៅប្រទេសចិន។ រថយន្តនេះនឹងចូលទីផ្សារក្នុងស្រុកនៅខែកញ្ញា ឆ្នាំ ២០២៥។ មិនទាន់មានព័ត៌មានអំពីផែនការលក់នៅបរទេសសម្រាប់ម៉ូដែលនេះនៅឡើយទេ។ យ៉ាងមិញក្រុមហ៊ុន Stelato នឹងផ្តោតការខិតខំប្រឹងប្រែងទាំងអស់របស់ខ្លួនទៅលើការបង្កើនបរិមាណលក់នៅក្នុងប្រទេសចិនជាមុនសិន ដូច្នេះឱកាសនៃការនាំចេញទៅទីផ្សារអន្តរជាតិមិនមែនជាបញ្ហាដែលត្រូវគិតក្នុងរយៈពេលខ្លីនោះទេ។ ខាងក្រោមនេះជាតម្លៃរបស់រថយន្ដ Huawei Stelato S9T៖
- Stelato S9T ប្រភេទប្រើអគ្គិសនីលាយសាំង (EREV) Max RWD មានតម្លៃ ៤៦ ៥៧០ដុល្លារ
- Stelato S9T ប្រភេទប្រើអគ្គិសនីសុទ្ធ (BEV) Max RWD មានតម្លៃ ៤៨ ៤៥០ដុល្លារ
- Stelato S9T ប្រភេទប្រើអគ្គិសនីលាយសាំង (EREV) Ultra RWD មានតម្លៃ ៤៥ ៦៧០ដុល្លារ
- Stelato S9T ប្រភេទប្រើអគ្គិសនីសុទ្ធ (BEV) Ultra AWD មានតម្លៃ ៥៤ ០២០ដុល្លារ
ចូលមកដល់កម្រិតសមត្ថភាពរថយន្ដវិញម្ដង រថយន្ត Stelato S9T ប្រើអគ្គិសនីសុទ្ធ (BEV) RWD ម៉ូឌែលស្ដង់ដារ ដំណើរដោយម៉ូទ័រអគ្គិសនីតែមួយនៅកង់ក្រោយ អាចផលិតកម្លាំង ២២៧ គីឡូវ៉ាត់ (៣០៤ សេះ)។ សម្រាប់ម៉ូឌែល RWD ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ AWD អាចផលិតមានកម្លាំង ៣៨៥ គីឡូវ៉ាត់ (៥១៦ សេះ)។ ម៉ូឌែលទាំងពីរនេះប្រើប្រាស់អាគុយ ternary NMC ផលិតដោយក្រុមហ៊ុន CATL មានទំហំ ១០០ គីឡូវ៉ាត់ម៉ោង។ សម្រាប់ម៉ូឌែល RWD សាកមួយពេញអាចបើកបរបានចម្ងាយ ៨០១ គីឡូម៉ែត គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។
ចំពោះម៉ូឌែលប្រើអគ្គិសនីលាយសាំង (EREV) បំពាក់មកជាមួយអាគុយពីរជម្រើសផ្សេងគ្នាក្នុងនោះរួមមាន៖អាគុយ LFP ទំហំ ៣៧ គីឡូវ៉ាត់ និង ៥៣.៤ គីឡូវ៉ាត់ម៉ោង។ អាគុយនេះមានតួនាទីបញ្ជូនថាមពលទៅកាន់ម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ២២៧ គីឡូវ៉ាត់ នៅកង់ខាងក្រោយ។ ខណៈអាគុយទំហំធំជាងនេះអាចឲ្យរថយន្ដនេះ អាចបើកបរបានចម្ងាយរហូតដល់ ៣៥៤ គីឡូម៉ែត្រពេលប្រើអគ្គិសនីសុទ្ធ។ សម្រាប់ម៉ាស៊ីនចំហេះក្នុងចំណុះ ១.៥ លីត្រ មានសមត្ថភាពអាចផលិតកម្លាំង ១១៨ គីឡូវ៉ាត់ (១៥៨ សេះ) ត្រូវបានប្រើប្រាស់ជាម៉ាស៊ីនសម្រាប់បង្កើតថាមពល (range extender) ដើម្បីបញ្ចូលថ្ម។ សម្រាប់ម៉ឌែល EREV អាចបើកបានចម្ងាយរហូតដល់ ១,៣០៥ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង៕