ក្រុមហ៊ុន Huawei បានបង្ហាញខ្លួននៅក្នុងពិព័រណ៍ Shanghai Auto Show ជាលើកដំបូងជាមួយម៉ូដែល SF5 ដែលជាម៉ូឌេលមួយផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Cyrus។
រថយន្ត SF5 នេះមានប្រវែងតួរខ្លួនសរុប ៤ ៧០០មីលីម៉ែត្រ, ទទឹងប្រវែង ១ ៩៣០មីលីម៉ែត្រ, កម្ពស់ ១៦២៥មីលីម៉ែត្រ និងប្រវែងពីកង់មុខ ដល់ កង់ក្រោយ ២ ៨៧៥មីលីម៉ែត្រ ដោយវាមានទំហំដូចទៅនិងរថយន្ត Audi Q5 ។
សម្រាប់ម៉ាស៊ីនរបស់ SF5 វាបានបំពាក់ដោយម៉ាស៊ីន ១,៥លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥៤៣ សេះ និងកម្លាំងបង្វិល ៨២០ Nm។ ម៉ូដែលប្រភេទ Crossover នេះមានសមត្ថភាពស្ទុះល្បឿនពី ០-១០០ គ.ម / ម៉ ប្រើពេលប្រហែល ៤,៧ វិនាទី។ លើសពីនេះ វាអាចបើកបរបានចម្ងាយជាង ១៨០គីឡូម៉ែត្រ សម្រាប់ពេលប្រើម៉ូទ័រអគ្គិសនីសុទ្ធតែមួយ និងបានចម្ងាយជាង ១ ០០០ គីឡូម៉ែត្រ នៅពេលមានជំនួយជួយពីម៉ាស៊ីនចំហេះក្នុង។
រូបរាងនៃ SF5 ត្រូវបានបំពាក់ដោយចង្កៀង LED ជាមួយអំពូលរាងអក្សរ L លាតសន្ធឹងរហូតដល់កាងក្រោម ព្រមជាមួយដៃទ្វាត្រូវបានលាក់ចូលទៅក្នុងខ្លួនដូចជា Range Rover Velar ឬ Evoque។ នៅខាងក្នុងកាប៊ីន បានប្រើប្រាស់ដៃចង្កូតប្រភេទស្ព័រ D-Cut 2, អេក្រង់បង្ហាញព័ត៌មាន, អេក្រង់កម្សាន្តបញ្ឃរទំហំធំ, Speaker ចំនួន ១១គ្រាប់ និងកៅអីផ្នែកខាងមុខ មានមុខងារក្តៅ-ត្រជាក់ និងម៉ាស្សាផងដែរ។
ក្នុងនាមជាផលិតផលដែលបានសហការជាមួយក្រុមហ៊ុន Huawei វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលថា SF5 ត្រូវបានរួមបញ្ចូលជាមួយប្រព័ន្ធ Huawei HiCar ដោយក្នុងកាប៊ីនរបស់ SF5 មានសម្លេងរំខានត្រឹមតែ ៣៨ dB ដោយសារការប្រើប្រាស់សម្ភារះ Soundproof កាត់បន្ថយសំឡេង ដូចជាកញ្ចក់ខាងមុខចំនួន ២ជាន់ជាដើម។
បន្ថែមពីនេះ ទាក់ទងនឹងបច្ចេកវិទ្យាសុវត្តិភាព វាក៏បានបំពាក់ជាមួយ ប្រព័ន្ធ Radar, Ultrasonic Sensors និងកាំមេរ៉ា រួមបន្ថែមជាមួយ មុខងារសុវត្តិភាព ដូចជាប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ, ប្រព័ន្ធចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង ផងដែរ។
រថយន្ត SF5 នឹងត្រូវដាក់បង្ហាញនៅតាមបណ្តាហាងរបស់ Huawei មួយចំនួននៅប្រទេសចិន។ ការដឹកជញ្ជូនសម្រាប់អតិថិជនដែលបានកក់រួច ត្រូវបានគេរំពឹងថានឹងកើតឡើងនៅខែឧសភា ដោយមានតម្លៃចាប់ពី ៣៣ ៣៥៦ ដុល្លារ៕