Hyundai និង Kia វិនិយោគ ១៦,៥ពាន់លានដុល្លារ បង្កើនការផលិតឡានអគ្គិសនីក្នុងប្រទេស

[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai និង Kia បានប្រកាសអំពីផែនការវិនិយោគទឹកប្រាក់ ១៦,៥ពាន់លានដុល្លារ ដើម្បីបង្កើនទំហំ​ផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនទាំងពីរនៅប្រទេសកូរ៉េខាងត្បូង។

ក្រុមហ៊ុនរថយន្តទាំងពីរ មានគោលបំណងបង្កើនការផលិតរថយន្តនៅប្រទេសកូរ៉េខាងត្បូង​ឲ្យ​បាន​ដល់ ១,៤៤លានគ្រឿង នៅត្រឹមឆ្នាំ២០៣០ កើនឡើងពី​ចំនួន ៣៥ម៉ឺនគ្រឿង ដែលរំពឹងថាផលិតបាននៅក្នុងឆ្នាំ២០២២នេះ។

ពាណិជ្ជកម្ម

ក្នុងនោះដែរ Hyundai Motor Group ចង់​ក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីសកល​ឲ្យ​បាន ១២% ដែលស្មើនឹង ៣,២៣លាន​គ្រឿង ដែលគោលដៅនេះចង់សម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០។ ការងារសំខាន់នៃផែនការនេះនឹងជាប់ពាក់ព័ន្ធជាមួយការ​សាង​សង់​រោងចក្រ​ដែលមានផលិតតែរថយន្ត​អគ្គិសនីសុទ្ធ។

រោងចក្រផលិតថ្មីនឹងត្រូវសាងសង់ឡើងនៅក្នុងតំបន់រោងចក្ររបស់ Kia នៅទីក្រុង Hwaseong ដែល​នឹងមាន​ទំហំ​ផលិត ១០ម៉ឺន​គ្រឿងក្នុងមួយឆ្នាំ ហើយនឹងបន្តបង្កើនដល់ ១៥ម៉ឺនគ្រឿងក្នុង​មួយ​ឆ្នាំ។

ដោយឡែក Hyundai ត្រូវបានរំពឹងថានឹងប្រកាសអំពីផែនការសង់រោងចក្រផលិតរថយន្ត​អគ្គិសនីថ្មីនៅ​សហរដ្ឋអាមេរិក ដែល​រោងចក្រ​នេះ​នឹងជួយបង្កើតការងារថ្មីបានចំនួន ៨ពាន់កន្លែង៕

Sponsored