Hyundai រំពឹងថារកលុយចំណេញបានដល់ ៧,៧ពាន់លានដុល្លារ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

[ទីផ្សារបរទេស] ការចំណេញប្រាក់ពីប្រតិបត្តិការនៅក្រុមហ៊ុន Hyundai Motors នៅឆ្នាំ​២០២២នេះ រំពឹងថា​នឹង​មានដល់ខ្ទង់ប្រមាណ ៧,៧​ពាន់​លាន​ដុល្លារ ដែលជាប្រាក់ចំណេញច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។

អ្នកព្យាករណ៍ដើមឡើយបានរំពឹងថាប្រាក់ចំណេញរបស់ Hyundai នឹងមានប្រមាណ ៦,៦ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០២២​នេះ ប៉ុន្តែ​គេបានបង្កើនតួលេខដល់ប្រមាណ ៧,៧ពាន់​លាន​ដុល្លារ វិញ។ តួលេខថ្មីនេះគឺជាការកើនឡើង ៥១,៩% ធៀប​នឹង​ប្រាក់​ចំណេញ​ដែល​រក​បាន​កាល​ពី​ឆ្នាំ​២០២១ ហើយ​ការ​បង្កើនតួលេខនេះគឺបន្ទាប់ពីលទ្ធផលប្រចាំត្រីមាសទីពីររបស់ Hyundai គឺល្អ​ខ្លាំង​លើស​ការ​រំពឹង។

ពាណិជ្ជកម្ម

ជាក់ស្ដែង​ប្រាក់​ចំណេញរបស់ Hyundai ​នៅ​ត្រីមាសទីពីរនៃឆ្នាំ២០២២នេះ មានរហូតដល់​ប្រមាណ ២,២​ពាន់​លាន​ដុល្លារ កើន​ឡើង​ពីប្រមាណ ១,៤៦ពាន់​លាន​ដុល្លារ ដែលរកបានកាលពីត្រីមាសទីមួយកន្លងទៅ។

ការកើនឡើងនៃប្រាក់ចំណេញនេះ ទទួលបានជម្រុញពី​ការលក់របស់ Hyundai នៅទូទាំងអឺរ៉ុប និងនៅអាមេរិក​ខាង​ជើង ដែល​ការ​លក់​នៅ​ទីផ្សារទាំងពីរមានកំណើន ២,៩% និង ៦,៦% ធៀបនឹងត្រីមាសទីពីរនៃឆ្នាំ២០២១៕

Sponsored