Hyundai និង Ford ប្រកួតគ្នាលក់ឡានអគ្គិសនីកាន់តែស្វិតស្វាញ

[ទីផ្សារបរទេស] ទិន្នន័យថ្មីមួយបង្ហាញថាក្រុមហ៊ុនផលិតរថយន្តធំៗនៅសហរដ្ឋអាមេរិក​កំពុងតែប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ​ក្នុងការគ្រង​តំណែង​ជា​ក្រុមហ៊ុន​លក់​រថយន្តអគ្គិសនីបានច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពី Tesla។

គិតត្រឹមបច្ចុប្បន្ននេះ ក្រុមហ៊ុន Hyundai Group ដែលមានកាន់កាប់ម៉ាក Hyundai, Genesis និង Kia កំពុងតែ​គ្រង​តំណែង​លេខ​ពីរយ៉ាងសុខស្រួល ដោយម៉ាករថយន្តទាំងបីបូកបញ្ចូលគ្នា អាចលក់រថយន្តអគ្គីសនីសរុប ៣៤ ៥១៨គ្រឿង គិត​ត្រឹម​ខែ​មិថុនា។ នេះ​គឺច្រើនជាង Ford ដែ​លលក់រថយន្ត Mustang Mach-E, F-150 Lightning និង E-Transit បាន​សរុប ២២ ៩៧៩គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាការលក់រថយន្តអគ្គិសនីរបស់ Ford ឃើញមានកំណើន ៧៧% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ហើយ​ Ford អាច​មាន​សមត្ថភាពយកឈ្នះម៉ាករថយន្តកូរ៉េខាងត្បូង ប្រសិនបើអាចបង្កើនទំហំផលិតបានដោយមានប្រសិទ្ធភាពនោះ។ ដូចបាន​ដឹង​ហើយ​ថា​រថយន្ត F-150 Lightning គឺមានតម្រូវការខ្ពស់នៅ​សហរដ្ឋអាមេរិក ប៉ុន្តែតម្រូវការនេះពិបាកក្នុងការបំពេញ​ដោយសារ Ford មានបញ្ហាការផលិត។

ទាក់ទងនឹងការប្រកួតប្រជែងរបស់ក្រុមហ៊ុនទាំងពីរ ពួកគេនឹងមិនឯការយូរនោះទេ ព្រោះថា​ក្រុមហ៊ុន General Motors កំពុង​តែ​ស្ថិត​លើ​គោលដៅ​ដណ្ដើម​យក​ចំណែក​ទីផ្សាររថយន្តអគ្គិសនីជាមួយ​ការប្រកាសចេញរថយន្តដូចជា Cadillac Lyriq និង GMC Hummer EV ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម