Hyundai Santa Fe ឆ្នាំ២០២១ បង្ហាញមុខផ្លូវការ ថែមប្រភេទសាកភ្លើងថ្មី

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Santa Fe ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយវាទទួលបានការឌីហ្សាញថ្មីហំជាងមុន គួបផ្សំនឹងប៉ាណាមុខធំជាងមុន ហើយចង្កៀងមុខក៏បានផ្លាស់ប្តូរស្ទីលផងដែរ។

អ្វីដែលផ្លាស់ប្តូរខ្លាំងបំផុតគឺនៅកាប៊ីនខាងក្នុង ដោយ Santa Fe បានបំពាក់តាប្លូផ្នែកកណ្តាលថ្មី, ប៊ូតុងចុចដាក់លេខ, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, ក្រង់កម្សាន្ត ៨អ៊ីញមកស្តង់ដារ និងប្រព័ន្ធសំឡេង Harman-Kardon ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ខាងលើមានបំពាក់ម៉ាស៊ីនស្តង់ដារថ្មី គឺចំណុះ ២,៥លីត្រ Smartstream ទំហំ ៤ស៊ីឡាំង ដែលជំនួសម៉ាស៊ីនចំណុះ ២,៤លីត្រ។ វាដំណើរការដោយប្រអប់លេខអុតូ ៨វគ្គ ដែលមានកម្លាំងសរុប ១៩១សេះ។ អតិថិជនក៏អាចជ្រើសរើសម៉ាស៊ីនខ្លាំងជាងនេះ គឺចំណុះ ២,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៧សេះ។

ជាមួយគ្នានេះដែរ Hyundai ក៏ផ្តល់ជម្រើសម៉ាស៊ីន Plug-in Hybrid ថ្មី ចំណុះ ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និង កញ្ចប់អាគុយ lithium-ion កម្លាំង ១,៥គីឡូវ៉ាត់ម៉ោងមួយ ដែលបង្កើតកម្លាំងបានសរុប ២២៥សេះ ដំណើរការដោយប្រព័ន្ធប៉ុងពីរ AWD។

ចំពោះផ្នែកសុវត្ថិភាពវិញ វាមានបំពាក់មុខងារដូចជា Forward Collision Avoidance-Assist System with Cyclist and Junction-Turning Detection, Parking Collision Avoidance Assist, Highway Drive Assist, Lane Following Assist, Smart Cruise Control System with Road Curve Control និង Smaht Pahk ផងដែរ។

រថយន្ត Hyundai Santa Fe ឆ្នាំ២០២១ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាចុងឆ្នាំ២០២០ នេះតែម្តង ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម