[ទីផ្សារបរទេស] ទិន្នន័យថ្មីមួយបង្ហាញថាក្រុមហ៊ុនផលិតរថយន្តធំៗនៅសហរដ្ឋអាមេរិកកំពុងតែប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការគ្រងតំណែងជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីបានច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពី Tesla។
គិតត្រឹមបច្ចុប្បន្ននេះ ក្រុមហ៊ុន Hyundai Group ដែលមានកាន់កាប់ម៉ាក Hyundai, Genesis និង Kia កំពុងតែគ្រងតំណែងលេខពីរយ៉ាងសុខស្រួល ដោយម៉ាករថយន្តទាំងបីបូកបញ្ចូលគ្នា អាចលក់រថយន្តអគ្គីសនីសរុប ៣៤ ៥១៨គ្រឿង គិតត្រឹមខែមិថុនា។ នេះគឺច្រើនជាង Ford ដែលលក់រថយន្ត Mustang Mach-E, F-150 Lightning និង E-Transit បានសរុប ២២ ៩៧៩គ្រឿង។
គួរដឹងថាការលក់រថយន្តអគ្គិសនីរបស់ Ford ឃើញមានកំណើន ៧៧% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ហើយ Ford អាចមានសមត្ថភាពយកឈ្នះម៉ាករថយន្តកូរ៉េខាងត្បូង ប្រសិនបើអាចបង្កើនទំហំផលិតបានដោយមានប្រសិទ្ធភាពនោះ។ ដូចបានដឹងហើយថារថយន្ត F-150 Lightning គឺមានតម្រូវការខ្ពស់នៅសហរដ្ឋអាមេរិក ប៉ុន្តែតម្រូវការនេះពិបាកក្នុងការបំពេញដោយសារ Ford មានបញ្ហាការផលិត។
ទាក់ទងនឹងការប្រកួតប្រជែងរបស់ក្រុមហ៊ុនទាំងពីរ ពួកគេនឹងមិនឯការយូរនោះទេ ព្រោះថាក្រុមហ៊ុន General Motors កំពុងតែស្ថិតលើគោលដៅដណ្ដើមយកចំណែកទីផ្សាររថយន្តអគ្គិសនីជាមួយការប្រកាសចេញរថយន្តដូចជា Cadillac Lyriq និង GMC Hummer EV ជាដើម៕