[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai និង Kia បានព្យាករណ៍កាលពីថ្ងៃពុធថា ការលក់សកលរួមគ្នារបស់ពួកគេនឹងកើនឡើងប្រហែល ២% នៅក្នុងឆ្នាំ ២០២៤ ជាមួយគោលដៅលក់ឲ្យបានចំនួន ៧,៤៤ លានគ្រឿង ទោះបីជាការលក់កាលពីឆ្នាំមុនបានធ្លាក់ចុះមិនដល់គោលដៅក៏ដោយ។
ក្នុងនោះ ក្រុមហ៊ុនទាំងពីរបានលក់រថយន្តចំនួន ៧,៣ លានគ្រឿងក្នុងឆ្នាំ ២០២៣ ប្រហែល ៣% តិចជាងគោលដៅរួមរបស់ពួកគេដែលមានចំនួន ៧,៥២ លានគ្រឿង ដែលភាគច្រើនដោយសារតែបរិយាកាសសេដ្ឋកិច្ចដ៏លំបាក រួមទាំងការកើនឡើងអត្រាការប្រាក់ជាដើម។
ជាមួយគ្នានេះ ក្រុមហ៊ុន Hyundai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Hyundai គ្រោងនឹងនាំមុខគេក្នុងវិស័យអគ្គិសនី និងផ្តោតលើការបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញដោយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរថយន្តអគ្គិសនីសុទ្ធ EV ជាសកលរបស់ខ្លួន ។
គួរបញ្ជាក់ផងដែរថា ទោះបីការលក់របស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងទាំង ២ មិនបានឈានដល់គោលដៅដែលពួកគេកំណត់ក៏ដោយ ក៏ការលក់របស់ក្រុមហ៊ុនទាំង ២ មានការកើនឡើងគួរឲ្យគត់សម្គាល់ ដោយក្រុមហ៊ុន Hyundai លក់បានចំនួន ៤,២ លានគ្រឿងកើនឡើង ៦,៩% ខណៈ ក្រុមហ៊ុន Kia លក់រថយន្តបានចំនួន ៣,០៩ លានគ្រឿងកើនឡើង ៦,៣% ផងដែរ ៕