Isuzu D-Max 2020 ផ្លាស់ប្ដូររូបរាងថ្មី បើក Off-Road រឹត​តែខ្លាំង

រថយន្ត Isuzu D-Max ជំនាន់​ថ្មី​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​ថៃ ដែល​វា​មាន​ពាំនាំ​នូវ​រូបរាង​ថ្មី ​និង​បច្ចេកវិទ្យា​ថ្មី ព្រម​ទាំង​ពង្រឹង​សមត្ថភាព​បើកបរ​ Off-Road កាន់​តែ​ប្រសើរ​ជាង​មុន។

D-Max ថ្មី​នេះ​មាន​បន្ថែម​នូវ​​ដុំ​កាឡេ​នៅ​ផ្នែក​ខាង​ក្រោយ​ជា​លើក​ដំបូង ដែល​ជួយ​ពង្រឹង​សមត្ថភាព​បើកបរ​លើ​ផ្លូវ​លំបាក​ ហើយ​វា​ក៏​អាច​លុយ​ទឹក​បាន​ជម្រៅ​ជ្រៅ​ជាង​មុន ដែល​​ឡើង​ពី ៦០០ ម.ម មក​ដល់ ៨០០ ម.ម ស្មើ​នឹង​រថយន្ត Ford Ranger និង Mazda BT-50 ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិសេស​មួយ​ទៀត​នោះ​គឺ​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ថ្មី​​ ជា​ម៉ាស៊ីន​ម៉ាស៊ូត Turbo ចំណុះ ៣,០ លីត្រ មាន​ ៤ ស៊ីឡាំង ដែល​អាច​បញ្ចេញ​កម្លាំង​បាន ១៨៧ សេះ។ កម្លាំង​នេះ​អាច​ឲ្យ​វា​ឈរ​នៅ​ក្នុង​ចំណោម​រថយន្ត​ភីកអាប់​​ដទៃ​ទៀត​ដូច​ជា Ford Ranger, Toyota Hilux, Mitsubishi Triton, Mazda BT-50 និង Nissan Navara ជា​ដើម។

ចំពោះ​រចនាបថ​ខាង​ក្នុង​ក៏​មាន​ផ្លាស់​ប្ដូរ​ថ្មី និង​ផ្លាស់​ប្ដូរ​ច្រើន​បំផុត​បើ​ប្រៀប​នឹង​ម៉ូដែល​មុន។ នៅ​ចំ​កណ្ដាល​មាន​អេក្រង់​ទំហំ ៩ អ៊ីញ មាន​ស្ទីល​ដូច​ជា​ Tablet អាច​ប្រើ Apple Car Play និង Android Car Play ហើយ​កុងទ័រ​រថយន្ត​ជា​ប្រភេទ​ឌីជីថល​ទំហំ ៤,២ អ៊ីញ។

រថយន្ត​នេះ​នឹង​ចេញ​លក់​នៅ​ថៃ នា​ថ្ងៃ​ទី ១៩ ខែ​តុលា​នេះ ដោយ​មាន​តម្លៃ​ចាប់​ពី ៥៤៧ ០០០ បាត​ឡើង​ទៅ ដែល​ស្មើ​នឹង​ប្រមាណ ១៨ ០០០ ដុល្លារ៕​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម