នាពេលថ្មីៗនេះ ក្រុមហ៊ុន Isuzu បានបញ្ចេញ Pickup ម៉ូដែលពិសេស D-Max X-Series (Limited Edition) នៅក្នុងប្រទេសម៉ាឡេស៊ី ដោយបន្ថែមនូវការតុបតែងមួយចំនួន ដើម្បីឲ្យវាមានរូបរាងបែបស្ព័រយ៉ាងឡូយ។
D-Max X-Series នេះមានចំនួន ២ ជម្រើស គឺប្រភេទបំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,៥ លីត្រ មានកម្លាំង ១៣៤ សេះ និង ចំណុះ ៣,០ លីត្រ មានកម្លាំង ១៧៤ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៥ វគ្គ។ វាមានតម្លៃចាប់ពី ២៩ ០០០ ដុល្លារឡើងទៅលើទីផ្សារប្រទេសម៉ាឡេស៊ី។
ភីកអាប់នេះបានធ្វើកំណែរូបរាងយ៉ាងពិសេស ជាពិសេសគឺផ្នែកខាងមុខ និងខាងក្រោយ ជាមួយនឹងការលេងតែមពណ៌យ៉ាងស្រស់ឆើតឆាយផងដែរ។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងរបស់ D-Max X-Series បានបំពាក់កៅអីស្បែកពណ៌ក្រហមលាយខ្មៅយ៉ាងទាក់ទាញ រួមទាំង កម្រាលជើងពិសេស និង កាមេរ៉ា ៣៦០ ដឺក្រេ ទៀតផង។
ក្រៅពីនេះ វាបានបំពាក់ដូច D-Max ធម្មតាដែរ គឺ អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED , ចង្កៀងក្រោយ LED , យ៉ាន់អាលុយមីញ៉ូម ទំហំ ១៨ អ៊ីញ , ប្រព័ន្ធចូលរថយន្តមិនបាច់ប្រើសោរ , ប៊ូតង់បញ្ឆេះម៉ាស៊ីន , ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ , កាមេរ៉ាក្រោយ , អេក្រង់ទំហំ ៨ អ៊ីញ និង Speaker ចំនួន ៨ គ្រាប់។
លើសពីនេះទៅទៀត D-Max បានបំពាក់ពោងសុវត្ថិភាពចំនួន ២ , ប្រព័ន្ធហ្វ្រាំង ABS ជាមួយ EBD និងហ្វ្រាំងជំនួយ ព្រមទាំង ប្រព័ន្ធទប់លំនឹងរថយន្តជាដើម៕