[ទីផ្សារបរទេស] កាលពីថ្ងៃទី៣១ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover បានធ្វើការសន្យាថានឹងកាត់បន្ថយការបំភាយឧស្ម័នចំនួន ៤៦% ក្នុងការផលិត និងប្រតិបត្តិការនៅឆ្នាំ ២០៣០ បើធៀបនឹងឆ្នាំ ២០១៩ ក្រុមហ៊ុននឹងកាត់បន្ថយការបំភាយឧស្ម័នពីម៉ូដែលអនាគតរបស់ខ្លួនចំនួន ៥៤% ។
ក្នុងនោះ លោក Rossella Cardone នាយក និងជាតំណាងនិរន្តរភាពនៃក្រុមហ៊ុន Jaguar Land Rover បាននិយាយថា រថយន្ត Jaguar Land Rover មានបំណងសម្រេចបាននូវការបំភាយកាបូនសូន្យនៅឆ្នាំ ២០៣៩ និរន្តរភាពគឺជាស្នូលនៃយុទ្ធសាស្រ្តរបស់យើង ដោយបង្កើតនៅរថយន្តទំនើបៗដែលគួរអោយចង់បានបំផុតរបស់ពិភពលោក។
នៅក្នុងឆ្នាំ ២០២០-២០២១ Jaguar Land Rover បានជោគជ័យដោយចែកចាយរថយន្តបានចំនួន ៤៣៩ ៥៨៨ គ្រឿងដល់អតិថិជនក្នុង ២៧ ប្រទេស។ ជាពិសេស Land Rover ត្រូវបានគេស្គាល់ថាជាអ្នកផលិតរថយន្ត SUV ប្រណិតចំនួនបីគឺ Range Rover, Discovery និង Defender ខណៈដែល Jaguar គឺជាម៉ាកយីហោដំបូងគេក្នុងពិភពលោកដែលបញ្ចេញរថយន្ត SUV ប្រណិតអគ្គិសនីសុទ្ធគឺ Jaguar I-PACE ។
រោងចក្រផលិតរបស់ក្រុមហ៊ុនភាគច្រើនប្រមូលផ្តុំនៅក្នុងចក្រភពអង់គ្លេស ជាមួយនឹងការរចនា និងបរិក្ខារវិស្វកម្មចំនួនពីរ រោងចក្រដំឡើងចំនួនបី កន្លែងដំឡើងម៉ាស៊ីនមួយ លើសពីនេះ ក្រុមហ៊ុនក៏មានរោងចក្រដំឡើងផងដែរ នៅប្រទេសចិន ប្រេស៊ីល ឥណ្ឌា អូទ្រីស និងស្លូវ៉ាគី។
ទន្ទឹមនឹងនេះ Jaguar Land Rover ត្រូវបានគេរំពឹងថានឹងក្លាយទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធនៅចុងឆ្នាំ ២០៣០។ នេះជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនរថយន្តគ្មានកាបូននៅទូទាំងសង្វាក់ផ្គត់ផ្គង់ ផលិតផល និងប្រតិបត្តិការទាំងអស់ នៅឆ្នាំ ២០៣៩ ៕