Kia បានបង្ហាញនូវរថយន្ត Concept ប្រភេទ SUV ចំនួនពីរក្នុងកម្មវិធី Delhi Auto Expo 2020 នៅប្រទេសឥណ្ឌា ដែលក្នុងនោះមានមួយឈ្មោះថា Kia Sonet ជារថយន្ត SUV ខ្នាតតូច គ្រោងប្រែក្លាយជាផលិតផលសម្រេច ចេញលក់លើទីផ្សារឥណ្ឌានៅកណ្ដាលឆ្នាំនេះ។
ចំពោះលក្ខណៈសម្បត្តិរបស់ Kia Sonet នេះមិនទាន់មានការបញ្ជាក់ច្បាស់ឡើយ ប៉ុន្តែរំពឹងថាមានប្រវែងសរុបមិនដល់ ៤ ម៉ែត្រនោះទេ។ ចំពោះរូបរាង Sonet វិញ គឺហាក់ដូចត្រៀមរួចរាល់សម្រេចការផលិតលក់ទៅហើយ ដោយមានចំណុចគួរចាប់អារម្មណ៍ដូចជាដៃទ្វាររថយន្តបង្កប់ក្នុងតួខ្លួន, មានកញ្ចក់មើលក្រោយទំហំតូច និងមានរចនាបថអំពូលភ្លើងមុខក្រោយយ៉ាងទាក់ទាញ។
រថយន្តដែលដាក់តាំងបង្ហាញគឺមានបិទកញ្ចក់ពណ៌ខ្មៅ ដែលមានន័យថា Kia មិនទាន់សម្រេចកិច្ចការលើការឌីហ្សាញផ្នែកខាងក្នុងនៅឡើយទេ។ ប៉ុន្តែមានការបញ្ជាក់ថាវាអាចផ្ដល់ទំហំធំទូលាយ និងមានមុខងារមួយចំនួនមិនធ្លាប់ឃើញពីមុនមកសម្រាប់រថយន្តខ្នាតតូចប្រភេទនេះ។
រថយន្ត Kia Sonet នឹងត្រូវប្រកួតប្រជែងនឹង Hyundai Venue, Maruti Vitara Brezza, Tata Nexon, Mahindra XUV300 និងរថយន្តម៉ូដែលថ្មីដែលនឹងមានពីក្រុមហ៊ុន Renault និង Nissan ផងដែរ៕