Kia ថែមម៉ូឌែលថ្មី សម្រាប់ត្រកូល Sportage ឆ្នាំ២០២៣ ដោយជិះ ១០០គ.មស៊ីប្រេង ៦លីត្រ

Kia បានធ្វើការពង្រីកខ្សែស្រឡាយនៃរថយន្ត Kia Sportage ជាមួយម៉ូឌែលហាយប្រ៊ីដថ្មី សម្រាប់ឆ្នាំ២០២៣ ជាមួយថាមពលកាន់តែខ្លាំង។

ម៉ូឌែលប្រភេទហាយប្រ៊ីដថ្មីនេះ ដំណើរការរួមគ្នាដោយម៉ាស៊ីនចំណុះ ១.៦លីត្រ Turbocharged ផ្គួបជាមួយម៉ូទ័រចំនួនមួយកម្លាំង ៥៩សេះ ដែលអាចផលិតកម្លាំងសរុបបាន ២២៦សេះ ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គអូតូ។ រថយន្តនេះអាចបើកបរបានចម្ងាយរហូតដល់ ៨០៥គីឡូម៉ែត្រនៅពេលដំណើរការរួមគ្នារវាងថាមពលម៉ាស៊ីន និងថាមពលអគ្គិសនី​ និងមានកម្រិតស៊ីប្រេងចំនួន ៦លីត្រក្នុងការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។ លើសពីនេះ Kia ក៏បានអះអាងថាការបញ្ចេញនូវឧស្ម័នបំពុលបរិស្ថាន ត្រូវបានកាត់បន្ថយជិត ៤០ភាគរយបើប្រៀបធៀបនឹងម៉ូឌែលប្រភេទធម្មតាផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Kia Sportage ២០២៣ បានបំពាក់ស្តង់ដាមកជាមួយ​អេក្រង់ភ្លោះទំហំ ២៤,៦អ៊ីញ ដែលមានកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto ព្រមទាំងប្រព័ន្ធតន្រ្តីប្រភេទ Harmon Kardon, កន្លែងសាកថ្មឥតខ្សែ, Kia Connect, កាំមេរ៉ា ៣០៦ដឺក្រ និងប្រព័ន្ធជំនួយការបើកបរដូចជា Driver Attention Warning, Land Following Assist, Land Keeping Assist, Forward Collision Avoidance, Rear Occupant Alert, Rear View Monitor និង Reverse Parking Distance Warning។

សម្រាប់ម៉ូឌែលប្រភេទហាយប្រ៊ីដនេះ នឹងផ្តល់ជម្រើសសម្រាប់ម៉ូឌែល LX, EX និង SX-Prestige។ ចំពោះតម្លៃនៃម៉ូឌែលថ្មីនេះ Kia ពុំទាន់បង្ហាញឡើយ ដោយរង់ចាំនៃការចេញលក់លើទីផ្សារនាដើមឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម