[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានកំណត់កាលបរិច្ឆេទក្នុងការចេញលក់រថយន្តម៉ូដែល MPV កៅអី ៣ជួរ ស៊េរីថ្មីដែលរថយន្តនេះមាន ៥ប្រភេទ។ ដូចដែលបានគ្រោងទុក Kia Carens នឹងត្រូវបានបង្ហាញនៅថ្ងៃទី ១៥ ខែកុម្ភៈ ក្នុងនោះ Carens គឺជាម៉ូដែលទី ៤ របស់ក្រុមហ៊ុនដែលបានចែកចាយនៅក្នុងទីផ្សារប្រទេសឥណ្ឌា ដោយមានតម្លៃចន្លោះពី ១៦ ០០០ ដុល្លារ ដល់ ២៧ ០០០ ដុល្លារ។
រថយន្ត Kia Carens ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Seltos បើប្រៀបធៀបទៅនឹងម៉ូដែលចាស់ Carens ថ្មីមានប្រវែងវែងជាង ២២៥ ម.ម, ប្រវែងគន្លាតកង់មុខ-ក្រោយ ១៦០ ម.ម ដើម្បីជួយឱ្យកៅអីជួរទីបីមានទំហំកាន់តែធំ។
សម្រាប់អតិថិជននៅក្នុងប្រទេសឥណ្ឌារថយន្តនេះមាន ៥ ប្រភេទ រួមមាន Premium, Prestige, Prestige Plus, Luxury និង Luxury Plus។ ទាំងអស់ត្រូវបានបំពាក់ដោយមុខងារសុវត្ថិភាពជាច្រើនដូចជា ពោងសុវត្ថិភាពចំនួន ៦, Electronic Balance, body stability control, hill start assist, downhill assist, ការគ្រប់គ្រងសម្ពាធកង់រថយន្ត, ហ្វ្រាំងឌីសទាំងបួន ជាដើម។
ចំពោះផ្នែកខាងក្នុងវិញ មានជម្រើសបន្ថែមដូចជាកៅអីខាងមុខដែលមានខ្យល់ចេញចូល, អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay / Android Auto, ដំបូលបើក sunroof, កន្លែងសាកថ្មឥតខ្សែផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Carens ថ្មី មានជម្រើសម៉ាស៊ីន ៣ប្រភេទ រួមមាន ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១១៥ សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខ manual ៦វគ្គ និងម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ turbocharged ផលិតកម្លាំងបាន ១៤០ សេះ ដែលមានជម្រើស ប្រអប់លេខដៃ ៦វគ្គ ឬ អូតូ ៧វគ្គ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ ដែលមានកម្លាំង ១១៥ សេះ ជាមួយជម្រើស ប្រអប់លេដៃ ៦វគ្គ ឬ អូតូ ៦វគ្គ ៕