ថ្មីៗនេះរថយន្ត Kia Carnival ស៊េរីថ្មី បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបានកែលម្អរូបរាង និង គ្រឿងបរិក្ខាខាងក្នុងកាន់តែប្រសើរ។ វាមានជម្រើសកៅអី ចំនួន ៧ , ៩ និង ១១ ផងដែរ។
ផ្នែកខាងមុខ Kia Carnival នេះបានកែលម្អសំណាញ់ប៉ាណា និង ប្រើចង្កៀងមុខ LED ថ្មី ជាមួយនឹងអំពូលកាត់អ័ព្ទ LED រាងដូចដុំទឹកកទៀតផង។ រីឯផ្នែកក្រោយ រថយន្តប្រភេទ MVP សម្រាប់គ្រួសារសមាជិកច្រើននេះ ក៏បំពាក់ចង្កៀង LED និងកាងខាងក្រោយចំនួន ២ ជម្រើសខុសគ្នា អាស្រ័យលើចំនួនកៅអី។ ជាមួយគ្នានេះផងដែរ អ្នកដំណើរនៅផ្នែកខាងក្រោយ គ្រាន់តែចុចប៊ូតុងមួយនៅលើដៃទ្វារ នោះទ្វារខាងក្រោយនឹងបើកដោយស្វ័យប្រវត្តិតែម្តង។
ចំណែកឯផ្នែកខាងក្នុងវិញ Carnival ស៊េរីថ្មី បំពាក់ហ្វ្រាំងដៃអេឡិចត្រូនិក និង អេក្រង់ Touchscreen ទំហំ ៨ អ៊ីញ ដំណើរការដោយប្រព័ន្ធ Infotainment System ឈ្មោះ UVO 3.0 ហើយក៏មានមុខងារសាកថ្មទូរសព្ទដោយមិនចាំបាច់ប្រើខ្សែ (Wireless Smartphone Charging) ផងដែរ។
ក្រៅពីនោះ Kia បានបំពាក់មុខងារ ដូចជា ប្រព័ន្ធសុវត្ថិភាព និង ជំនួយការបើកបរ Kia Drive Wise ដែលរួមមាន មុខងារគ្រប់គ្រងការបើកបរ (Adaptive Cruise Control) , សញ្ញាព្រមានរថយន្ត (Lane Departure Warning) និង ជំនួយមិនឲ្យរថយន្តមានការប៉ះទង្គិចផ្នែកខាងមុខ (Front Collision Avoidance ) ជាដើម។
សូមបញ្ជាក់ថា Kia Carnival ស៊េរីថ្មី (Korean-spec) បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ Turbodiesel មានកម្លាំង ២០២ សេះ ឬ ម៉ាស៊ីនសាំងចំណុះ ៣,៣ លីត្រ GDI មានកម្លាំង ២៨០ សេះ និងប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ជំនួយឲ្យប្រអប់លេខ ៦ វគ្គចាស់៕