[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរថយន្ត Kia Carnival ស៊េរីឆ្នាំ ២០២៥ ប្រភេទ MPV ដែលទទួលបានការអាប់ដេតថ្មី ផ្តល់ជូនទាំងជម្រើសម៉ាស៊ីនសាំង និងកូនកាត់ hybrid នៅឯពិព័រណ៌រថយន្ត Chicago Auto Show ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក។
Kia Carnival ស៊េរីឆ្នាំ ២០២៥ របស់សហរដ្ឋអាមេរិកនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៤២ សេះ និងកម្លាំងរមួល ៣៦៧ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីសាំង ៧ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
- ម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ២៩០ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។
ការផ្លាស់ប្តូរដ៏សំខាន់របស់ Kia Carnival គឺនៅផ្នែកខាងមុខ ដោយទទួលបានប៉ាណាទំហំធំជាងមុនរចនាថ្មី រួមជាមួយការឌីស្សាញថ្មីទៅលើសនុំចង្កៀងមុខ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៧-១៩អ៉ីញ និងចង្កៀងក្រោយ LED រចនាជាអូសកាត់វែង ។
ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានផ្លាស់ប្តួរថ្មី ដោយបានឌីស្សាញតាប្លូបែបកាងនិងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២.៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ គំាទ្រដោយប្រព័ន្ធ OTA update ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១១ អ៉ីញ និងអេក្រង់ទំហំ ១៤,៦ អ៉ីញចំនួន ២ សម្រាប់អ្នកដំណើរខាងក្រោយ ៕