
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការបើកទទួលការបញ្ជាទិញទុកមុននៅរថយន្តអគ្គិសនីសុទ្ធ Kia EV4 ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ២៨ ៧៣៨ ដុល្លារ ដល់ ៣៤ ៩៩៥ ដុល្លារ ។
Kia EV4 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ ផ្តល់ជូនជម្រើសអាគុយចំនួន ២ ប្រភេទ អាគុយទំហំ ៥៨,៣ ដល់ ៨១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រ ដល់ ៥៣៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣០ នាទី ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងដោយប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Opposites United design concept មានលក្ខណៈបែបស្ព័រ ព្រមទាំងផ្តោតលើការឌីស្សាញ aerodynamic ដោយផ្នែកខាងមុខឲ្យឈ្មោះថា Tiger face មានប៉ាណាមុខបិទជិត អបសងខាងចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់អូតូ ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy-wheels ទំហំ ១៧-១៩ អ៉ីញ និងចង្កៀងក្រោយ LED បញ្ឈរផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២.៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ HUD ព្រមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធអាប់ដេត OTA និងប្រព័ន្ធ Digital Key 2.0 system ដែលអាចភ្ជាប់ជាមួយនាឡិកាដៃ Apple Watch បានទៀតផង ៕