KIA EV5 សាកភ្លើង ២៧នាទី រត់បាន ៧២០គីឡូម៉ែត្រ នឹងបង្ហាញខ្លួននៅប្រទេសថៃចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅទីផ្សារប្រទេសថៃ គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ KIA EV5 នៅឯពិព័រណ៌រថយន្ត Bangkok International Auto Show 2024 ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៤១ ១៧៤ ដុល្លារ ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឺង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៥ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រ និងអាគុយទំហំ ៨៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងគាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២៧នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

KIA EV5 មានលក្ខណៈស្រដៀងទៅនឹងរថយន្ត Kia EV9 ជាមួយប្រវែងសរុប ៤ ៦១៥ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៧១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ ដោយនៅផ្នែកខាងមុខឌីស្សាញឡើងបែប digital tiger-face ជាមួយចង្កៀងលាតសន្ទឹកពេញផ្ទៃខាងមុខ ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រាងស្លីមជាដើម ។

ការរចនានៅផ្នែកខាងក្នុង មានលក្ខណៈប្រហាក់ប្រហែលនឹង EV9 ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលថ្មី និងអេក្រង់កំសាន្ត touchscreen រួមចូលគ្នាជាអេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ ព្រមទាំងអេក្រង់ទំហំ ៥ អ៉ីញសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម