Kia EV6 ជួបប្រទះការលក់ទាបបំផុត គិតចាប់តាំងពីចេញលក់ដំបូង

[ទីផ្សារបរទេស] Kia បាន​ចេញ​ផ្សាយ​របាយការណ៍​អំពីការលក់រថយន្តលើទីផ្សារសកលប្រចាំខែសីហា ដែល​មាន​ការ​កើនឡើង ១០,៤% ធៀប​នឹង​ឆ្នាំ​ពេលដូចគ្នាកាលពីឆ្នាំ២០២១ ដោយចំនួនលក់សរុបមាន ២៣៩ ៨៨៧គ្រឿង ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ថា​វិបត្តិ​គ្រឿងបន្លាស់កំពុងតែធូរស្បើយ។

យ៉ាងណាក្ដីមិនមែនវិជ្ជមាន​ទាំងអស់នោះទេ ដោយគេសង្កេតឃើញថាការលក់រថយន្តអគ្គិសនី Kia EV6 ជួបប្រទះនឹងការធ្លាក់​ចុះ​ជា​លើក​ដំបូង។ កាល​ពី​ខែមុន ការលក់ធំនៃរថយន្ត EV6 មានចំនួន ៤ ៧៧៨គ្រឿង ដែល​ក្នុងនោះមាន ១ ៦៧២​គ្រឿង​លក់​ចេញ​នៅ​កូរ៉េខាងត្បូង និង ៣ ១០៦គ្រឿង​បាននាំចេញទៅទីផ្សារក្រៅប្រទេស ដែល​ជាការថយចុះ ១៥,៧% ធៀប​នឹង​ឆ្នាំមុន​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកសម្រាប់ការលក់រាយនៃរថយន្ត Kia EV6 ប្រចាំខែសីហានេះដែរ មានចំនួន ៤៤៩៩គ្រឿង ជាចំនួនលក់ក្រៅទឹកដីប្រទេស​កូរ៉េខាងត្បូង ដោយក្នុងនោះមានការលក់ចេញនៅ​សហរដ្ឋអាមេរិក​ចំនួន ១ ៨៤០​គ្រឿង ខណៈដែល​នៅ​អឺរ៉ុបអាច​លក់​ចេញ​បាន ២១៣៥​គ្រឿង។

ងាកទៅមើលការលក់រាយរបស់រថយន្ត Niro EV និង Soul EV នៅក្រៅទឹកដីកូរ៉េខាងត្បូងគឺមាន​ចំនួន ២ ២៩៨​គ្រឿង និង ២៨៧​គ្រឿង ដោយ Kia មិនបានប្រាប់អំពីចំនួនលក់លើទីផ្សារប្រទេសកូរ៉េខាងត្បូងឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម