[បរទេស] កាលេពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី Kia EV9 សេរ៊ីឆ្នាំ២០២៥ ប្រភេទ SUV កៅអី ៣ ជួរខ្នាតធំ ជាមួយតម្លៃលក់ចាប់ពី ៥៥ ៥៩០ ដុល្លារ ដល់ ៦៣ ៦១៧ ដុល្លារ ក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង។
KIA EV9 ភ្ជាប់មកជាមួយការរចនាជាជ្រុងៗ សម្រាប់ផ្នែកខាងមុខភ្ជាប់ជាមួយប៉ាណាបិទជិត និងសំណុំចង្កៀងមុខ ប្រភេទ LED, កាងខាងមុខតុបតែងជាមួយក្រូម៉េ, ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ ដំបូលត្រូវបានបំពាក់ដោយបន្ទះសូឡា, កាង spoiler លយចេញក្រៅ និងសំណុំចង្កៀងក្រោយ LED រចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។
ទាក់ទងនឹងផ្នែកម៉ាសុីនវីញ KIA EV9 ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
- ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ 4WD អាចបើកបរបានចម្ងាយ ៤៤៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
ចំពោះនៅខាងក្នុងកាប៊ីន បំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងដាក់ដបទឹក រន្ធសម្លេង រន្ធម៉ាសុីនត្រជាក់ និងរន្ធសាកថ្មជាដើម៕