Kia K8 ថ្មី បន្ថែមជម្រើសម៉ាស៊ីន ៦ស៊ីឡាំង កម្លាំងជិត ៣០០សេះ

កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Kia បានប្រកាសចេញនូវរថយន្ត K8 ស៊េរីថ្មីរបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ឡើយថា វានឹងប្រើម៉ាស៊ីនអ្វី។

ឥឡូវនេះ រថយន្ត Kia K8 ដែលនឹងមិនមានលក់នៅអាមេរិកខាងជើង ឬអឺរ៉ុបនោះ នឹងបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៥សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ វាក៏មានជម្រើសម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៥សេះ និង ម៉ាស៊ីនចំណុះ ៣,៥លីត្រ មានកម្លាំង ២៣៦ដែរ។ ជាមួយគ្នានេះដែរ Kia នឹងបន្ថែមម៉ាស៊ីនតូចមួយទៀត គឺ ចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង។

រថយន្ត Kia K8 នឹងដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ដែល Kia អះអាងថា នឹងជួយសម្រួលដល់កម្រិតស៊ីសាំងដល់ទៅ ៦% ឯណោះ។ រឹតតែពិសេសទៅទៀតនោះគឺ Kia នឹងផ្តល់ជម្រើសប៉ុងពីរបន្ថែមលើ ប្រព័ន្ធប៉ុងមួយវិលកង់មុខដែលមានស្តង់ដារ។

ចំពោះកាប៊ីនខាងក្នុងវិញ រថយន្ត Sedan នេះបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និងកុងទ័រទំហំ ១២,៣អ៊ីញ ព្រមទាំងកុងទ័របាញ់លើកញ្ចក់ទំហំ ១២អ៊ីញ ដែលអាចបង្ហាញពីល្បឿនរថយន្ត, មុខងារជំនួយការបើកបរ និង ស្លាកសញ្ញាចរាចរនៅលើកញ្ចក់មុខនៃរថយន្ត ទៀតផង។

Kia K8 ក៏នឹងមានបំពាក់មុខងារជំនួយការបើកបរជាច្រើន រួមទាំង highway driving assistance, forward collision avoidance, smart cruise control និង remote parking assistance ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម