Kia Mohave ឆ្នាំ២០២១ កាន់តែឆ្លាត និងសុវត្ថិភាពជាងមុន

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត Mohave ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

រថយន្ត SUV ប្រើគ្រោងឆ្អឹង body-on-frame នេះ កាន់តែឆ្លាត ជាមួយនឹងការបន្ថែមប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្តាល semi-autonomous driving system ដែលធ្វើការនៅលើផ្លូវហាយវេរ និងផ្លូវដែលមានចរាចរកកស្ទះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ រថយន្ត Mohave ថ្មីក៏មានបំពាក់មុខងារ smart navigation-based cruise control ដែលបង្កើន និងបន្ថយល្បឿននៅលើច្រកចូល និងចេញពីផ្លូវហាយវេរទៀតផង។ មុខងារ Forward Collision Avoidance Assist-Junction Crossing នឹងជួយដល់អ្នកបើកបរ នៅពេលឆ្លងកាត់ផ្លូវនោះ ដោយជាន់ហ្វ្រាំងស្វ័យប្រវត្តិ ប្រសិនបើវារកឃើញថាមានហានិភ័យនៃការប៉ះទង្គិចអាចកើតឡើង ជាមួយយានយន្តដទៃទៀត។

មិនតែប៉ុណ្ណោះ កុងទ័របាញ់លើកញ្ចក់របស់វា ឥឡូវនេះមានទំហំធំជាងមុន ដោយឡើងពី ៨,៥ ទៅ ១០អ៊ីញ។ ជាងនេះទៅទៀត វាក៏មានមុខងារ smart posture control, មុខងារសារ៉េកៅអី ចង្កូត និងកញ្ចក់ចំហៀងសម្រាប់អ្នកបើកបរដោយស្វ័យប្រវត្តិ ទៅតាមកម្ពស់របស់អ្នកបើកបរ ផងដែរ។

រថយន្ត Kia Mohave ឆ្នាំ២០២១ នៅតែបំពាក់ម៉ាស៊ីនម៉ាស៊ូត turbo ចំណុះ ៣,០លីត្រ V6 មានកម្លាំង ២៥៦សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ វាចែកចេញជា ៣ ម៉ូដែល គឺ Mohave Platinum តម្លៃ ៤៤ ៥០០ដុល្លារ សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង, Mohave Masters តម្លៃ ៤៨ ៣០០ដុល្លារ និង Mohave Gravity តម្លៃ ៥២ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម