[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានប្រកាសចេញតម្លៃសម្រាប់រថយន្ត Niro EV ស៊េរីឆ្នាំ២០២៣ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ក្រោយពីបានចេញលក់ប្រភេទ Hybrid និងប្រភេទ PHEV រួចមក។
ជាការភ្ញាក់ផ្អើលដោយរថយន្តថ្មីនេះមានតម្លៃចាប់ពី ៣៩ ៤៥០ដុល្លារ ដែលថ្លៃលើសស៊េរីឆ្នាំ២០២២ ត្រឹមតែ ៣៦០ដុល្លារ ប៉ុណ្ណោះ ដោយវាមានផ្ដល់ជូនជម្រើសចំនួនពីរ គឺជម្រើស Wind ដែលមានតម្លៃចាប់ពី ៣៩ ៤៥០ដុល្លារ និងជម្រើស Wave ដែលមានតម្លៃចាប់ពី ៤៤ ៤៥០ដុល្លារ។
Kia Niro EV ទាំងពីរប្រភេទ មានបំពាក់មកជាស្តង់ដារនូវយ៉ាន់ទំហំ១៧អ៊ីញ, កុងទ័រឌីជីថល ជាមួយអេក្រង់ភ្លោះទំហំ១០,២៥អ៊ីញ, មុខងារបង្ហាញផ្លូវ, កាមេរ៉ាមើលក្រោយ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, កៅអីស្បែក, កៅអីកម្ដៅដែលបត់បែនបាន១០របៀបសម្រាប់អ្នកបើកបរ រួមជាមួយប្រព័ន្ធសំឡេង Harman Kardon ផងដែរ។
Kia Niro EV នេះមានបំពាក់អាគុយចំណុះ ៦៤,៨kWh ដែលអាចបើកបរបានចម្ងាយ ៤០៧គីឡូម៉ែត្រ តាមការប៉ាន់ស្មានរបស់ស្ថាប័ន EPA។ ចម្ងាយបើកបរនេះមានការកើនឡើងជាងមុនបន្តិច ដោយពីមុនបើកបរបានចម្ងាយ ៣៨៥គីឡូម៉ែត្រ ហើយស៊េរីថ្មីនេះគាំទ្រសមត្ថភាពសាកភ្លើងកម្លាំងដល់ ៨៥kW។
ជាមួយសមត្ថភាពសាកលឿននេះ អាចឲ្យអាគុយសាកពី ១០% ឡើងដល់ ៨០% ក្នុងពេល ៤៥នាទី ខណៈដែលម៉ូទ័ររបស់វាអាចផលិតកម្លាំងបាន២០១សេះ និងផ្ដល់កម្លាំងដល់កង់ខាងមុខ។
រថយន្ត Niro EV ស៊េរីឆ្នាំ២០២៣ នឹងមានដាក់លក់នៅសហរដ្ឋអាមេរិកចាប់ពីចុងខែនេះ ហើយវានឹងត្រូវបានចែកចាយទូលំទូលាយនៅតាមរដ្ឋទាំង៥០នៅសហរដ្ឋអាមេរិក ខុសប្លែកពីស៊េរីមុន៕