Kia Niro Hybrid និង Niro EV ឆ្នាំ២០២៣ ចេញតម្លៃផ្លូវការ ចាប់ពី ៣ម៉ឺនដុល្លារ

រថយន្ត Kia Niro ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយវាមានទាំងជម្រើសប្រើ Hybrid និង ប្រើថាមពលអគ្គិសនីសុទ្ធ។

រថយន្ត Kia Niro Hybrid ប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៣៩សេះ និងកម្លាំងរមួល ២៦៥ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៦វគ្គ។ វាមាន ២ ជម្រើស គឺម៉ូដែល Niro Hybrid S និង Niro Hybrid GT-Line។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះម៉ូដែល S វាមានមុខងារសុវត្ថិភាពជាច្រើន រួមទាំង ពោងសុវត្ថិភាពចំហៀង, Multi Collision Braking, Blind Spot Collision Avoidance Assist, Rear Cross Traffic Collision Avoidance Assist, Intelligent Speed Limit Assist, Lane Keeping Assist, Driver Attention Warning, High Beam Assist, Lane Following Assist, Rear View Monitor, Rear Cross-Traffic Collision-Avoidance Assist និង Rear Parking Sensors។

រីឯម៉ូដែល GT-Line មានបន្ថែមកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ព្រមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និង កៅអីមានមុខងារបញ្ចេញខ្យល់ក្តៅ-ត្រជាក់, ដៃចង្កូតមានមុខងារកម្តៅ, កុងទ័របាញ់លើកញ្ចក់, មុខងារបញ្ជាចូលចតពីចម្ងាយ និង ឃ្លុបក្រោយចុចអូតូ ទៀតផង។

ដោយឡែក ចំពោះ Kia Niro EV ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធវិញ ប្រើម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ និងកម្លាំងរមួល ២៥៥ញ៉ូតុនម៉ែត្រ ហើយបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦៤,៨គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរ ៤៦០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាអាចសាកភ្លើងពី ១០-៨០% ប្រើពេលត្រឹម ៤៣នាទីប៉ុណ្ណោះ តាមរយៈដុំសាក DC Rapid Charger។

មិនខុសពីម៉ូដែល Hybrid រថយន្ត Niro EV នេះក៏ផ្តល់ជម្រើស ២ ម៉ូដែលដូចគ្នា គឺ S និង GT-Line។ សូមបញ្ជាក់ថា រថយន្ត Niro Hybrid S ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣០ ២៥០ដុល្លារ នៅលើទីផ្សារប្រទេសអូស្ត្រាលី និង ៣៤ ១០០ដុល្លារ សម្រាប់ម៉ូដែល Niro Hybrid GT-Line។ ចំណែកឯ Niro EV S វិញមានតម្លៃចាប់ពី ៤៤ ៥០០ដុល្លារ និង Niro EV GT-Line មានតម្លៃចាប់ពី ៤៩ ១៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម